ប្តីស្លាប់ប្រពន្ធរបួសស្រាល ក្រោយរថយន្តដឹកអីវ៉ាន់បុកម៉ូតូពីក្រោយ

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកណ្តាល៖ បុរសម្នាក់ត្រូវបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងស្ត្រីម្នាក់រងរបួសស្រាល ដោយសាររថយន្តកូរ៉េដឹកទំនិញ១គ្រឿងដាក់អីវ៉ាន់សំពីងសំពោងបើកជ្រុលទៅបុកពីក្រោយ កាលពីទៀបភ្លឺថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ជនរងគ្រោះបាត់បង់ជីវិតឈ្មោះ ឃឹម ពន្លក ភេទប្រុស អាយុ៤៩ឆ្នាំ និងប្រពន្ធឈ្មោះ ឈិន រ៉ែម អាយុ៤០ឆ្នាំ។ អ្នកទាំងពីររស់នៅភូមិត្រពាំងទឹម ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ជិះម៉ូតូម៉ាកហុងដាវេវ C 110 ពណ៌សស្លាក លេខព្រះសីហនុ 1C-9403។ ចំណែករថយន្តបង្កម៉ាកហ៊ីយ៉ានដាយពណ៌ខៀវ ពាក់ស្លាកលេខ ច-៩៤១៩ ភព២ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណនោះទេ គេចខ្លួនក្រោយកើតហេតុបន្សល់ទុករថយន្តចោលកន្លែងកើតហេតុ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះប្តីប្រពន្ធ ជិះម៉ូតូឌុបគ្នាក្នុងទិសដៅពីត្បូងទៅជើង (កំពតឥភ្នំពេញ) លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្កបើកបរមកពីក្រោយក្នុងល្បឿនលឿន បានជ្រុលទៅបុកម៉ូតូជនរងគ្រោះពីក្រោយ បណ្តាលឲ្យជនរងគ្រោះជាប្តីដួលបោកទៅនឹងថ្នល់ស្លាប់ ចំណែកប្រពន្ធរងរបួសស្រាល។ ភ្លាមនោះៗ អ្នកបើកបររថយន្តឃើញជនរងគ្រោះស្លាប់ បានចុះចេញពីរថយន្តរត់គេចខ្លួនបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកំណត់ហេតុប្រគល់សឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការរដ្ឋានចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner