មុខសញ្ញាសកម្មឆបោកស្រាបៀ អស់លក្ខណ៍ ជនរងគ្រោះតាមទាន់ចាប់ខ្លួនប្រគល់ឲ្យប៉ូលិស

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ជនសង្ស័យម្នាក់សកម្មខាងដើរធ្វើសកម្មភាពឆបោកស្រាបៀ ភេសជ្ជៈ តាមផ្ទះ ហាងអ្នកលក់ កន្លងមកជនរងគ្រោះមិនតិចនាក់ទេ ចាញ់ល្បិចជនសង្ស័យអស់ស្រាបៀ របស់របរ តាមចាប់មិនតែមកដល់វេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ទៅធ្វើសកម្មភាពឆបោកយកស្រាបៀABC មួយកេស ពីផ្ទះអ្នកលក់នៅផ្លូវបេតុង ភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ បោកបានសម្រេចហើយ ដឹករត់គេចខុសគោលដៅ ទើបសង្ស័យជនរងគ្រោះដេញតាមចាប់ឃាត់ខ្លួនបាន ផ្អើលប្រជាពលរដ្ឋចោមរោម គ្រាន់តែឃើញមុខ ច្រើននាក់ចោទប្រកាន់ ជនសង្ស័យនេះហើយ ជំនាញដើរឆបោកយកស្រាបៀ និងចាប់នាំយកទៅប៉ុស្តិ៍ប៉ូលិស ចាត់ការតាមផ្លូវច្បាប់។ ជនសង្ស័យឈ្មោះ ឥន្ទ សំណាង ភេទប្រុស អាយុ៤៦ឆ្នាំ ស្នាក់នៅផ្ទះលេខ៤០៤ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ជនសង្ស័យជិះម៉ូតូដើរធ្វើសកម្មភាពក្នុងរូបភាពឆបោក ល្បិចដដែលៗ នៅផ្ទះអ្នកលក់ដូរអីវ៉ាន់ចាប់ហ៊ួយមួយកន្លែង ភូមិត្រពាំងទា សង្កាត់សំរោងក្រោម ដែលមានម្ចាស់ផ្ទះជាមន្រ្តីនគរបាលប៉ុស្តិ៍ពងទឹក ខណ្ឌដង្កោ ប្រើល្បិចប្រាប់ថា លោកគ្រូ នៅផ្ទះមួយក្បែរនោះ ឲ្យយកស្រាបៀABCមួយកេស ហើយឲ្យរូបគេដឹកយកស្រាទៅមុន ហើយឲ្យម្ចាស់ឌុបទឹកកកឲ្យតាមក្រោយផង រីឯម្ចាស់ផ្ទះវិញ នឹកថាក្នុងភូមិក្បែរនោះ មានលោកគ្រូម្នាក់មែន រួមទាំងចង្អុលបង្ហាញផ្ទះច្បាស់ផង ក៏ជឿ និងឲ្យស្រាបៀមួយកេស ដឹកចេញទៅមុន ជនរងគ្រោះក្រឡេកមើល ឃើញឌុបហួសផ្ទះលោកគ្រូ ទើបសង្ស័យចង់ដឹងឌុបស្រាទៅណា ក៏ជិះម៉ូតូដេញតាមហៅសួរ បែជាជនសង្ស័យកាន់តែបន្ថែមល្បឿនកាន់តែលឿន រហូតដល់ផ្លូវបេតុង ភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ ស្រែកចោរ ផ្អើលអ្នកដំណើរជួយដេញឃាត់ចាប់ខ្លួនបានតែម្តង។

តាមចម្លើយសារភាពជនសង្ស័យឲ្យដឹងថា ពេលដែលឆបោកបានស្រាបៀ ភេសជ្ជៈល្អៗ យកទៅលក់ យកលុយ បើប៉ះចំរាយៗ គេយកទៅផឹក ហើយសកម្មភាពបែបនេះច្រើនលើកមកហើយ ទើបលើកនេះម្ចាស់តាមទាន់។ ប្រជាពលរដ្ឋច្រើននាក់ថា ជនសង្ស័យនេះ ឆបោកយកស្រាបៀ បារីគាត់ច្រើនលើកច្រើនសាហើយ ចាប់មិនដែលបានទេ។ ជនសង្ស័យត្រូវបានប្រជាពលរដ្ឋចាប់ខ្លួន និងនាំទៅប្រគល់ឲ្យសម្ថកិច្ចប៉ុស្តិ៍ត្រពាំងក្រសាំង ដើម្បីអនុវត្តន៍បន្តតាមនីតិវិធី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner