Emery ជឿថា Arsenal អាចឈ្នះ Europa League រដូវកាលនេះ
អត្ថបទដោយ៖
Kien Sereyvuth
អ្នកចាត់ការទូទៅក្លិបកាំភ្លើងធំ Arsenal លោក Unai Emery បាននិយាយថា Arsenal គឺជាក្រុមមួយក្នុងចំណោម៦ក្រុម ដែលអាចឈ្នះពាន Europa League រដូវកាលនេះ ប៉ុន្តែក៏មិនងាយស្រួលទេដោយសារ មានក្រុមជាច្រើនក៏ចង់បានវាដូចគ្នា។ កាំភ្លើងធំ បានឈានទៅវគ្គ១៦ក្រុមចុងក្រោយ Europa League ក្រោយឈ្នះសរុបទាំងពីរជើងលើក្រុម BATE ៣:១។
អ្នកចាត់ការសញ្ជាតិអេស្ប៉ាញបន្តថា “ពួកយើងត្រូវតែរីករាយជាមួយការប្រជែងនេះឲ្យច្រើន និងបង្កើតបរិយាកាសឲ្យធំមួយជាមួយអ្នកគាំទ្ររបស់ពូកយើង។ អារម្មណ៍បែបនេះអាចផ្ដល់ឲ្យពួកយើងលទ្ធភាពច្រើនជាមួយគុណភាពនៃក្រុមមួយ”។
សូមបញ្ជាក់ថា ការចាប់ឆ្នោតវគ្គ១៦ក្រុមចុងក្រោយ នឹងធ្វើឡើងនៅថ្ងៃទី២២ ខែកុម្ភៈនេះ ដោយជើងទី១ លេងនៅថ្ងៃទី៧ ខែមីនា និងជើងទី២ លេងនៅថ្ងៃទី១៤ ខែមីនា៕ធ.ដ