រដ្ឋាភិបាលថៃទម្លាក់ប្រាក់ជិត​៨ពាន់ពាន់លាន​ដុល្លារ​ជ្រោង​សេដ្ឋកិច្ច កសិករ កម្មករ​និង​SME

ដោយ៖ វង្ស រតនា

បាងកក៖ រដ្ឋាភិបាលថៃគ្រោងទម្លាក់ថវិកាប្រមាណជិត៨ពាន់ ពាន់លានដុល្លារអាមេរិក ដើម្បីជួយជ្រោងសេដ្ឋកិច្ច កសិករ អ្នករកស៊ីក្រៅប្រព័ន្ធ និងសហគ្រាសខ្នាតតូចដែលបានទទួលរងផលប៉ះពាល់ពីជំងឺកូវីដ១៩​ប្រមាណ៣៦លាននាក់។​

នៅក្នុងនោះ រដ្ឋាភិបាលថៃគ្រោងចំណាយថវិកាជាសាច់ប្រាក់ចំនួន៣៥០ពាន់លានបាត ដែលស្មើនឹងជិត១១ពាន់លានដុល្លារដើម្បីជួយកសិករ និងអ្នកធ្វើការក្រៅប្រព័ន្ធចំនួន២៥លាននាក់។ អ្នកដែលនឹងត្រូវទទួលមានកម្មករក្រៅប្រព័ន្ធចំនួន១៥លាននាក់​និងកសិករចំនួន១០លាននាក់ដែលនឹងទទួលបានប្រាក់ចំនួន៥ពាន់បាត ឬ១៥៦ដុល្លារប្រចាំខែ។

រដ្ឋមន្ត្រីក្រសួហិរញ្ញវត្ថុថៃ បានគូសបញ្ជាក់ថា ជំនួយនេះ គឺធ្វើឡើងដោយសារតែកម្មករក្រៅប្រព័ន្ធ​និងកសិករបានទទួលរងផលប៉ះពាល់ខ្លាំងពីវិធានការបិទខ្ទប់ខេត្តនិងប្រទេសរបស់រដ្ឋាភិបាលដែលធ្វើឱ្យពួកគេបាត់បងការងារ និងចំណូលប្រចាំគ្រួសារ។ បើតាមការបញ្ជាក់ដដែល​មូលនិធិនេះ គឺមិនស្ថិតក្នុងមូលនិធិសន្តិសុខសង្គមនោះទេ។

បន្ថែមពីនេះ​រដ្ឋាភិបាលនៅមានត្រៀមថវិកាជាង៣១ពាន់លានដុល្លារសម្រាប់ក្រុមគ្រួសារដែលធ្វើកសិកម្ម និងអាជីវកម្មលក្ខណៈគ្រួសារអាចខ្ចីបុលបាន។​ ថៃនៅមានកញ្ចប់ថិវកាចំនួន៥៥០ពាន់លានបាតបន្ថែមទៀតសម្រាប់ជួយដល់កសិករដែលមានហានិភ័យ និងកម្មករក្រៅប្រព័ន្ធជាជំហ៊ានទី២។ ​

ដោយឡែកប្រាក់ចំនួន​៤៥ពាន់លានបាត គឺនឹងត្រូវប្រើប្រាស់សម្រាប់ស្តារនិងថែទាំវិស័យសុខាភិបាល ទន្ទឹមនឹងប្រាក់៤០០ពាន់លានបាត គឺសម្រាប់ការស្តារសេដ្ឋកិច្ច និងសង្គមតាមរយៈការបង្កើតការងារ ពង្រឹងសហគមន៍ និងការកសាងហេដ្ឋារចនាសម្ព័ន្ធ។ មួយវិញទៀត ថវិកាចំនួន២០០ពាន់លានបាត គឺត្រូវប្រើសម្រាប់ជួយដល់វិស័យសហគ្រាសខ្នាតតូចដែលមិនមានលទ្ធភាពខ្ចីធនាគារបាន៕

ads banner
ads banner
ads banner