លោកអភិបាលខណ្ឌឬស្សីកែវ និងលោកអធិការ មិនហ៊ានបង្ក្រាបឆ្នោតយីហោ K38 តើមានអីពិសេស?
ភ្នំពេញ៖ ទីតាំងកត់ឆ្នោតយួនជាច្រើនកន្លែងដែលមានស្លាកយីហោ K38 កំពុងតែរីកដុះដាលដូចផ្សិតក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវ ដែលបើកកត់ដាក់តុកណ្តាលវាល ប៉ុន្តែលោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ និងលោក គល់ យី អធិការនគរបាលខណ្ឌ មិនហ៊ានបង្ក្រាប តើទីតាំងនោះមានអីពិសេស?
សូមបញ្ជាក់ថា ទីតាំងឆ្នោតយួនដែលមានយីហោ K38 ទាំងនោះគឺមាន ទីតាំងទី១នៅក្នុងផ្សារបឹងសាឡាងថ្មី បន្ទុប់លេខD៣១ (ដាក់យីហោK៣៨) ភូមិ បឹងសាឡាង សង្កាត់ឫស្សីកែវ។ ទីតាំងទី២នៅជាប់ផ្សារសាំហាន់ផ្លូវលេខ68R កែងផ្លូវបេតុងខាងលិចផ្សារសាំហាន់(ដាក់យីហោK៣៨) ភូមិទួលសង្កែ សង្កាត់ទួលសង្កាត់១ ខណ្ឌឫស្សីកែវ។ ទីតាំងទី៣នៅតាមបណ្តោយផ្លូវលេខ68Rកែងផ្លូវរថភ្លើង សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ។ ទីតាំងទាំង៣កន្លែងនេះ ត្រូវបានប្រជាពលដ្ឋប្រាប់ឲ្យដឹងថា មេឈ្មោះ ណូ ជាអ្នកគ្រប់គ្រង និងរត់ការបើកកត់យ៉ាងរលូន បម្រើសេវាជូនក្រុមអ្នកញៀនល្បែង កន្ទុយលេខវៀតណាម។
នៅមានទីតាំងកត់ឆ្នោតយួនខុសច្បាប់ចំនួន២ទីតាំងទៀត គឺទីតាំងទី១ផ្ទះលេខ១០៧ ផ្លូវលេវ៦៨ ចំណុចមុខអគ្គិសនីសង្កាត់ទួលសង្កែ១ខណ្ឌឬស្សីកែវ ជ្រកក្រោមស្លាកវីងវេលុយហេងហួរ និងទីតាំងទី២ ផ្លូវលំខាងជើងវត្តទួលទល់មុខក្លោងទ្វារ សំយ៉ាបផ្ទះលក់អីវ៉ាន់ចាប់ហួយរុងវាសនា ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ក៏មានការបើកកត់ឆ្នោតយ៉ាងរលូនដែរ។
គួររំលឹកផងដែរថា កន្លងមក សម្ដេចក្រឡាហោម ស ខេង ធ្លាប់បានដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវាទត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដើម្បីធានាឲ្យបាននូវសន្តិសុខ ភូមិឃុំ មានសុវត្ថិភាពទាំង៩ចំណុច ជូនប្រជាពលរដ្ឋ។ បើមានសមត្ថកិច្ចណាជាប់ពាក់ពន្ធ័នឹងកាងល្បែស៊ីសងត្រូវមានវិធានការតាមផ្លូវច្បាប់។ តែផ្ទុយទៅវិញ អាជ្ញាធរមានសមត្ថកិច្ច ខណ្ឌឫស្សីកែវ មិនបានអនុវត្តន៍ និងគោរពបទបញ្ជារបស់សម្តេចក្រឡាហោម ស ខេង ឡើយ៕