ឆេះកប៉ាល់ដឹកទំនិញ២គ្រឿង បណ្តាលឲ្យស្លាប់មនុស្ស១១នាក់
អត្ថបទដោយ៖
ហេង វណ្ណា
រុស្ស៊ី៖ កប៉ាល់ដឹកទំនិញចំនួនពីរគ្រឿងត្រូវភ្លើងឆាបឆេះ នៅច្រកសមុទ្រ Kerch ដែលតភ្ជាប់សមុទ្រខ្មៅ និងសមុទ្រ Azov ដែលស្ថិតនៅភាគខាងកើតសហភាពអឺរ៉ុប បណ្តាលឲ្យមនុស្ស១១នាក់បានបាត់បង់ជីវិត កាលពីម្សិលមិញ នេះបើតាមសារព័ត៌មានរុស្ស៊ី។ សមុទ្រ Azov នេះក៏ជាព្រំដែនរវាងរុស្ស៊ី និងអ៊ុយក្រែនផងដែរ។
នាវិកសរុប៣១នាក់ ក្នុងនោះមានទាំងជនជាតិតួកគី និងឥណ្ឌា ត្រូវគេរាយការណ៍ថា មានវត្តមាននៅលើកប៉ាល់ទាំងពីរគ្រឿងខាងលើ ដែលមានដោតទង់ជាតិប្រទេសតង់ហ្សានី។ តួលេខចុងក្រោយបំផុតបានបញ្ជាក់ថា មនុស្ស១១នាក់បានស្លាប់ និង១២នាក់នៅមានជីវិត ខណៈប្រតិបត្តិការរុករក និងជួយសង្រ្គោះកំពុងតែបន្ត។ តាមព័ត៌មានបឋម ហេតុការណ៍ផ្ទុះបានកើតមានឡើងលើកប៉ាល់មួយគ្រឿង និងបង្កជាអណ្តាតភ្លើង ដែលក្រោយមករីករាលដាលទៅដល់កប៉ាល់មួយគ្រឿង ក្នុងអំឡុងពេលកប៉ាល់ទាំងពីរកំពុងផ្ទេរឧស្ម័ន LNG៕ម.ន
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។