សម្តេចស្នើកម្មករបញ្ឈប់ការទាមទារបើកប្រាក់អតីតភាពក្នុងពេលតែមួយ
ចលនាបំផុសអោយកម្មករទាមទារបើកប្រាក់អតីតភាពផ្តាច់ត្រឹមឆ្នាំ២០១៨ បានជម្រុញអោយសម្តេចនាយករដ្ឋ មន្ត្រី បានមានប្រសាសន៍បញ្ជាក់ប្រាប់កម្មករវិញថាការទាមទារនោះ គឺជាការសម្លាប់រោងចក្រដែលជាឆ្នាំងបាយ របស់កម្មករទៅវិញនោះទេ។ សម្តេចនាយករដ្ឋមន្ត្រីក្នុងឪកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករជិត២ ម៉ឺននាក់នៅក្នុងស្រុកត្រាំកក់ខេត្តតាកែវ ដែលជាការជួបលើកដំបូងក្នុងឆ្នាំ២០១៩ បានថ្លែងនៅថ្ងៃទី៩មករានេះ ថាការប្រមូល ប្រាក់អតីតភាពតែមួយពេល នឹងបង្ខំអោយរោងចក្របិទទ្វារ។
សម្តេចតេជោសែន បានអំពាវនាវទៅកម្មករនិងកម្មការីនីថាបើមានសហជីពណាដឹកនាំទៅរកស្ថានភាពអាក្រក់ សូមកុំជឿតាមការអូសទាញរបស់សហជីពនោះ។ នៅក្នុងការថ្លែងនោះផងដែរសម្តេចបានមានប្រសាសន៍ថា នឹង មិនលើកអំពីបញ្ហានយោបាយមកបញ្ជាក់ឡើយ
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថាកម្ពុជាទើបតែមានពេល២០ឆ្នាំចុងក្រោយនេះទេក្នុងការអភិ វឌ្ឍន៍ជាតិក្នុងស្ថានការណ៍ដែលប្រទេសមានសន្តិភាពពិតប្រាកដ។ សម្តេចបានអំពាវនាវដល់ថៅកែរោងចក្រនិង កម្មករសូមបន្តរួមគ្នាធ្វើការដើម្បីភាពសុខសាន្តក្នុងរោងចក្ររៀងៗខ្លួន។
នៅថ្ងៃដដែលនេះផងដែរ ក្រោយប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានចេញលិខិតមួយសំដែងនូវអំណរគុណ និងការដឹងគុណ ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានមានប្រសាសន៍ យ៉ាងលម្អិតក្នុងការពន្យល់ណែនាំចំពោះកម្មករនិយោជិតពាក់ព័ន្ធ នឹងការអនុវត្តត្រឹម ត្រូថ តាមគោលការណ៍នៃប្រកាសលេខ ៤៤៣ ស្តីពីការទូទាត់ប្រាក់បំណាច់អតីតភាពការងារ ដែលចេញដោយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកន្លងមកនេះ។