សម្តេចក្រឡាហោម ស ខេង ដឹកនាំប្រតិភូទៅកាន់ប្រទេសវៀតណាមចំនួន៥ថ្ងៃ ដើម្បីចូលរួមកិច្ចប្រជុំទ្វេភាគី កម្ពុជា-វៀតណាម
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី ៩ ខែមករា ឆ្នាំ២០១៩ បានដឹកនាំប្រតិភូទៅកាន់ប្រទេសវៀតណាមចំនួនប្រាំថ្ងៃ ដើម្បីចូលរួមកិច្ចប្រជុំចំនួនពីរ ជាមួយភាគី វៀតណាម ដោយកិច្ចប្រជុំនោះភាគច្រើននិយាយអំពីបញ្ហាព្រំដែន និងកិច្ចសហប្រតិបត្តិការទូទៅ នៃប្រទេសទាំងពីរ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ មុននឹងចេញដំណើរលោក ផាន សុផានិត អគ្គនាយក នៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិក្រសួងមហាផ្ទៃបានឲ្យដឹងថា តបតាមការអញ្ជើញរបស់ភាគីវៀតណាម សម្តេចក្រឡាហោម ស ខេង បានដឹកនាំប្រតិភូទៅចូលរួមកិច្ចប្រជុំចំនួនពីរ នៅទីក្រុងហាណូយចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ ២០១៩នេះ។
លោកបានបញ្ជាក់ថា កិច្ចប្រជុំទី១ គឺជាកិច្ចប្រជុំលើកទី១០ ស្តីពីកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនកម្ពុជា និងវៀតណាម ដោយកិច្ចប្រជុំនេះ កាលពីឆ្នាំ២០១៨កន្លងទៅ កម្ពុជាធ្វើជាម្ចាស់ផ្ទះ និងកិច្ចប្រជុំទី២គឺជាកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការ និងចុះហត្ថលេខាលើផែនការណ៍កិច្ចសហការបន្តសម្រាប់ឆ្នាំ២០១៩បន្តទៀត។
លោកផាន សុផានិត បានបន្ថែមទៀតថា ក្រៅពីកិច្ចប្រជុំស្តីពីសហប្រតិបត្តិការព្រំដែន នៃប្រទេសកម្ពុជា និងប្រទេសវៀតណាម ភាគីទាំងពីរក៏នឹងនិយាយផងដែរអំពីបញ្ហាសេដ្ឋកិច្ច និងវប្បធម៌ ដើម្បីធ្វើយ៉ាងណា ផ្តល់ផលប្រយោជន៍ដល់ប្រជាជន និងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើបន្ថែមទៀត៕