គណៈប្រតិភូកងទ័ពជើងទឹក រំដោះប្រជាជនចិន ចូលជួបពិភ្សាការងារជាមួយថ្នាក់ដឹកនាំខេត្តព្រះសីហនុ
នារសៀលថ្ងៃពុធ ទី៩ ខែមករា ឆ្នាំ២០១៩ បន្ទាប់ពីនាវាកងទ័ពជើងទឹករំដោះប្រជាជនចិន៣គ្រឿង ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុរួចមក គណៈប្រតិភូនាវាបានចូលជួបសំដែងការគួរសម និងពិភ្សាការងារជាមួយនឹងថ្នាក់ដឹកនាំខេត្ត នៅសាលាខេត្តព្រះសីហនុ ។
ជំនួបនេះដែរបានផ្តោតសំខាន់លើការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ជាពិសេសខេត្តព្រះសីហនុ ដើម្បីជាប្រយោជន៍ដល់ភាគីទាំងពីរ និងជួយជម្រុញវឌ្ឍនភាពក៏ដូចជាជីវភាពរបស់ប្រជាពលរដ្ឋអោយកាន់តែប្រសើរថែមទៀត ស្របតាមគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់លោកប្រធានាធិបតី ស៊ី ជិនពីង។
លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ និងជាតំណាង ឯកឧត្តម យន្ត មីន អភិបាលខេត្ត បានទទួលស្វាគមន៍គណៈប្រតិភូកងទ័ពជើងទឹករំដោះប្រជាជនចិន ដែលបានមកធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ពិសេសនៅខេត្តព្រះសីហនុ ព្រមទាំងបានជម្រាបជូនពីសក្តានុពលរបស់ខេត្ត មានផ្លូវគមនាគមន៍អំណោយផល ក្នុងនោះមាន ផ្លូវដែក ផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក កំពង់ផែក្រុងព្រះសីហនុ មានវិសាលភាពក្នុងការដឹកជញ្ជូនកុងតឺន័រឆ្លងកាត់ជាង៧០ភាគរយ ទៅកាន់តំបន់អាស៊ាន និងអឺរ៉ុប។ ខេត្តមានព្រលានយន្តហោះអន្តរជាតិកំពុងបម្រើសេវាកម្មយ៉ាងមមាញឹកក្នុងមួយសប្ដាហ៍មានជើងយន្តហោះប្រមាណជា៨៣ជើង ។ លោកបន្តថាខេត្តព្រះសីហនុ ជាខេត្តមួយក្នុងចំណោមខេត្តទាំង៣ ដែលរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាប៉ូលសេដ្ឋកិច្ចគំរូពហុបំណងធំជាងគេ នៃព្រះរាជាណាចក្រកម្ពុជា។ ខេត្តមានឆ្នេរសមុទ្រសរស្អាត ជាប់ចំណាត់ថ្នាក់ជាសមាជិកក្លឹបឆ្នេរស្អាតលើពិភពលោក ។ ខេត្តព្រះសីហនុ ទទួលបានវិនិយោគិនចិនយ៉ាងច្រើន ដែលបានមកបណ្ដាក់ទុនរកស៊ី ។ ខេត្តព្រះសីហនុបានចងសម្ព័ន្ធមេត្រីភាពភាពជាមួយបណ្ដាខេត្ត១៦ នៃប្រទេសចិន។ តាមរយៈទំនាក់ទំនងនេះបាននឹងកំពុងធ្វើអោយខេត្តព្រះសីហនុ មានការរីកចម្រើនលឿនគួរជាទីមោទនៈ។