មនុស្ស២៨នាក់របួស និង៦០០នាក់បង្ខំចិត្តភៀសខ្លួន ដោយសារគ្រោះរញ្ជួយកម្រិត៤.៨រ៉ិកទ័រវាយប្រហារប្រទេសអ៊ីតាលី
អ៊ីតាលី៖ ក្រុមមន្ត្រីអ៊ីតាលីបាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៤,៨ រ៉ិចទ័របានវាយប្រហារកោះ ស៊ីស៊ីលី នៅជិតភ្នំភ្លើង មោន អ៊ីណា ដ៏សកម្មបំផុតនៅទ្វីបអឺរ៉ុប បណ្តាលអោយរបួសមនុស្សយ៉ាងតិចណាស់ចំនួន២៨នាក់ និង៦០០នាក់ផ្សេងទៀតបង្ខំចិត្តភៀសខ្លួនទៅកាន់ទីសុវត្ថិភាពជាបណ្តោះអាសន្ន ។
បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ អគារជាច្រើនត្រូវបានបំផ្លាញដោយការរញ្ជួយដីខ្លាំង និងមានការរញ្ជួយដីតិចៗបន្តបន្ទាប់មកទៀត ចាប់តាំងពីភ្នំភ្លើង មោន អ៊ីណា បានផ្ទុះឡើងចាប់តាំងពីថ្ងៃច័ន្ទដើមសប្តាហ៍នេះមក ។ ផេះភ្នំភ្លើងបានហុយគ្របដណ្តប់ពីលើភូមិជាច្រើននៅជិតនោះ និងលើអាកាសយានដ្ឋានក្រុង កាតានៀ បណ្តាលឱ្យផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ននៅអាកាសយានដ្ឋាននេះ ។
គ្រោះមហន្តរាយធម្មជាតិនេះដែរ បានកើតឡើងនៅក្នុងថ្ងៃពុធនេះនៅជិតទីក្រុង វៀក្រែន ខណៈបណ្តាញសារព័ត៌មានអ៊ីតាលីបានរាយការណ៍អំពីការភ័យស្លន់ស្លោ ក្នុងចំណោមពួកអ្នកស្រុកដែលបានរត់ចេញពីលំនៅដ្ឋានទៅកាន់ផ្លូវថ្នល់ ហើយមនុស្សនៅជិតភ្នំនេះ ត្រូវបានប្រាប់ឱ្យរត់ទៅឆ្ងាយទៅកាន់កន្លែងសុវត្ថិភាពជាបន្ទាន់៕ម.ន