ការប្រកួតកីឡការ៉ាតេជើងឯកថ្នាក់ជាតិឆ្នាំនេះ បន្ថយបរិមាណ ប៉ុន្តែបង្កើនគុណភាពអត្តពលិក
អគ្គលេខាធិការរងសហព័ន្ធកីឡាការ៉ាតេកម្ពុជា លោក ឡាច ច័ន្ទដារ៉ា ថ្លែងបញ្ជាក់ក្រោយបញ្ចប់កិច្ចប្រជុំបច្ចេកទេសនាព្រឹកមិញ នៅសាលហ្វឹកហាត់សហព័ន្ធកីឡាការ៉ាតេ ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញថា ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ឆ្នាំ២០១៨នេះ សហព័ន្ធបន្ថយបរិមាណ នៃការចូលរួម ប៉ុន្តែបង្កើនគុណភាពអត្តពលិក ស្របតាមអនុសាស្រ្តរបស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា។ អគ្គលេខាធិការរងរូបនេះ បន្តថា ជើងឯកថ្នាក់ជាតិនេះ ចំនួនក្លិបដែលធ្លាប់ចូលរួមប្រមាណជាជាង៣០ក្លិប ត្រូវបានកាត់បន្ថយមកត្រឹម១៥ក្លិប ដើម្បីកាត់បន្ថយបរិមាណចូលរួម បង្កើនគុណភាពអត្តពលិកវិញ។ លោកបញ្ជាក់ថា សហព័ន្ធធ្វើដូច្នេះ ក្នុងន័យកាត់បន្ថយការចំណាយថវិកាច្រើន ប៉ុន្តែបង្កើននូវបរិមាណគុណភាព ដោយអោយក្លិបនីមួយជ្រើសរើសកីឡាករ កីឡាការិនី ដែលមានគុណភាពចូលរួមប្រកួតប៉ុណ្ណោះ ស្របតាមអនុសាសន៍ របស់ប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ម្យ៉ាងទៀតងាយស្រួលឲ្យសហព័ន្ធចម្រាញ់ជ្រើសរើសបានកីឡាករកីឡាការិនីល្អៗ បញ្ចូលជាក្រុមជម្រើសជាតិ ឬយុវជនថ្នាល សម្រាប់ហ្វឹកហាត់ ត្រៀមស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន និងពង្រឹងត្រៀម ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅកម្ពុជា។
លោក ឡាច ច័ន្ទដារ៉ា បញ្ជាក់ទៀតថា ព្រឹត្តិការណ៍ជើងឯកថ្នាក់ជាតិឆ្នាំនេះ យើងត្រូវពង្រឹងគុណភាពអត្តពលិកអោយខ្លាំងជាងមុន ដើម្បីត្រៀមស៊ីហ្គេម ឆ្នាំ២០១៩ នៅហ្វីលីពីន ម្យ៉ាងទៀត ដើម្បីសាងប្រវត្តិសាស្រ្តជាលើកដំបូង សម្រាប់កីឡាការ៉ាតេកម្ពុជា គឺត្រៀមឆ្ពោះទៅដណ្តើមមេដាយ ពីព្រឹត្តិការណ៍ កីឡាអូឡាំពិក ឆ្នាំ២០២០ នៅប្រទេសជប៉ុន និងចក្ខុវិស័យរបស់សហព័ន្ធកីឡាការ៉ាតេមួយទៀតនោះ គឺដណ្តើមមេដាយអោយបានពីព្រឹត្តការណ៍ កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅកម្ពុជា។ សូមបញ្ជាក់ថា ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ ឆ្នាំ២០១៨នេះ មានក្លិបចូលរួម ចំនួន១៥ ដោយធ្វើការប្រកួតលើ៤វិញ្ញាសាធំៗ គឺវិញ្ញាសាប្រកួតសម្តែងកក្តា ឯកក្តជន សម្តែងកក្តាជាក្រុម និងវិញ្ញាសាប្រយុទ្ធឯកក្តជន និងជាក្រុម ហើយចែកចេញជា ៣៤ប្រភេទផ្សេងទៀត៕ម.ន