រដ្ឋបាលខណ្ឌច្បារអំពៅ បើកយុទ្ធនាការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបានយល់ដឹងពីការផ្តល់សេវាសាធារណៈនៅច្រកចេញចូលតែមួយ

អត្ថបទដោយ៖
Kien Sereyvuth

រដ្ឋបាលខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី២១ ខែធ្នូ២០១៨ បានបើកយុទ្ធនាការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានយល់ដឹងទូលំទូលាយ ពីតារាងតម្លៃ និងការផ្តល់សេវាសាធារណៈ នៅក្នុងការិយាល័យច្រកចេញចូលតែមួយរបស់ខណ្ឌ។ យុទ្ធនាការផ្សព្វផ្សាយនេះ បានធ្វើឡើងព្រមគ្នារវាងមូលដ្ឋានសង្កាត់ទាំង៨ ដោយក្រុមការងារតាមសង្កាត់នីមួយៗ បានដើរចែកតារាងតម្លៃនៃសេវាកម្មតាមផ្នែកនីមួយៗរបស់ការិយាល័យច្រកចេញចូលតែមួយ។

នៅក្នុងការិយាល័យច្រកចេញចូលតែមួយរបស់ខណ្ឌច្បារអំពៅ បានផ្តល់សេវាលើវិស័យចំនួន១២ រួមមាន៖ ការងារនីត្យានុកូលកម្ម ការងារអត្រានុកូលដ្ឋាន វិស័យសុរិយោដី វិស័យវប្បធ៌ម និងវិចិត្រសិល្បៈ វិស័យអប់រំ យុវជន និងកីឡា វិស័យទេសចរណ៍ វិស័យសំណង់ វិស័យឧស្សាហកម្ម រ៉ែ និងថាមពល វិស័យពាណិជ្ជកម្ម វិស័យសុខាភិបាល វិស័យសាធារណៈការ និងដឹកជញ្ជូន និងវិស័យកសិកម្ម។

លោកស្រី ឯក យ៉ានី អភិបាលរងខណ្ឌច្បារអំពៅ បានឲ្យដឹងថា ក្នុងយុទ្ធនាការនេះ បានធ្វើឡើងក្នុងគោលបំណងដើម្បីឲ្យប្រជាពលរដ្ឋ បានយល់ដឹងបានកាន់តែទូលំទូលាយអំពីតម្លៃនៃការផ្តល់សេវាសាធារណៈនៅច្រកចេញចូលតែមួយ នឹងចៀសវាងការពឹងពាក់អ្នករត់ការ ដែលគេយកតម្លៃលើសពីនេះ។ នៅក្នុងខិតប័ណ្ណផ្សព្វផ្សាយនេះ ក៏មានដាក់លេខទូរសព្ទរបស់ការិយាល័យច្រកចេញចូលតែមួយរបស់ខណ្ឌ ដើម្បីឲ្យប្រជាពលរដ្ឋបានទំនាក់ទំនងផ្ទាល់ បើសិនជាពួកគាត់មិនយល់ ឬ ចង់ដឹងពីប្រការណាមួយនោះ។

លោកស្រី បានបញ្ជាក់ថា រដ្ឋបាលខណ្ឌច្បារអំពៅ នឹងខិតខំក្នុងការអនុវត្តកំណែទំរង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅរដ្ឋបាលសាធារណៈ កាន់តែមានភាពឆ្លើយតបប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងជំនឿទុកចិត្ត ហើយលើកកំពស់វប្បធ៌មសាធារណៈ ឆន្ទៈម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈមន្រ្តីរាជការ ដើម្បីប្រែក្លាយរដ្ឋបាលសាធារណៈទៅជាអ្នកផ្តល់សេវាសាធារណៈដ៏មានប្រសិទ្ធភាព និងបម្រើប្រជាពលរដ្ឋអោយបានកាន់តែល្អប្រសើរឡើង៕ ដោយៈ ប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner