សម្តេចប្រធានរដ្ឋសភា ស្នើព្រះសង្ឃប្រើប្រាស់បច្ចេកវិទ្យាឲ្យបានត្រឹមត្រូវ

អត្ថបទដោយ៖
Kien Sereyvuth

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាស្នើដល់ព្រះសង្ឃនូវទូទាំងប្រទេស ប្រើប្រាស់បច្ចេកវិទ្យាឲ្យបានត្រឹមត្រូវ ខណៈអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពស់ខ្ពស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាសក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមបើកថ្លែងអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៧នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨នៅសាលសន្និសីទចតុមុខ ដែលមានការយាងពីសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ និងមន្ត្រីសង្ឃមកពីទូទាំងប្រទេស។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ថា វិស័យព្រះពុទ្ធសាសនានៅក្នុងប្រទេសកម្ពុជា បាននិងកំពុងរីកចម្រើនគ្រប់វិស័យ និងមានមហាសាមគ្គីធម៌ដ៏ល្អប្រសើររបស់ព្រះសង្ឃទាំងពីរគណៈ និងពុទ្ធ សាសនិកជនរួមសាមគ្គីគ្នាល្អ ក្រោមព្រះរាជកិច្ចដឹកនាំរបស់សម្ដេចព្រះមហាសង្ឃរាជ និងសម្តេចព្រះសង្ឃ នាយកទាំងពីរគណៈ និងការគោរពសិទ្ធិសេរីភាពគ្នា ទៅវិញទៅមករវាងព្រះពុទ្ធសាសនា និងសាសនាដទៃៗទៀត។ សម្តេចបន្តថា ទន្ទឹមនឹងការរីកចម្រើនក៏នៅមានបញ្ហាមួយចំនួនដែលត្រូវរួមគ្នាដោះស្រាយ ដើម្បីជៀស វាងនូវបាតុភាពផ្សេងៗ ដែលជះឥទ្ធិពលមិនល្អដល់ សង្គមជាតិ និងសាសនា ពិសេសព្រះពុទ្ធសាសនា ដែលជាកម្លាំងដឹកនាំចរិយាធម៌ក្នុងសង្គម។

សម្តេចប្រធានរដ្ឋសភាបានលើកឡើងទៀតថា បច្ចុប្បន្ននេះ ជាសម័យបច្ចេកវិទ្យាទំនើប ម្ល៉ោះហើយ វិស័យពុទ្ធសាសនា ចាំបាច់ត្រូវយល់ឱ្យច្បាស់ ស្គាល់កាលៈទេសៈឱ្យច្បាស់ ហើយចេះប្រើប្រាស់ឱ្យស្របតាមបរិការណ៍នៃការរីកចម្រើនក្នុងវិស័យបច្ចេកវិទ្យាមួយនេះ។ បើយើងចេះទាញប្រយោជន៍ពីសម័យវិទ្យាសាស្រ្តមួយនេះ នោះនឹងនាំប្រយោជន៍ដល់មូលដ្ឋានគ្រឹះរបស់ព្រះពុទ្ធសាសនា បើផ្ទុយពីនេះវិញ វានឹងនាំផលវិបាកដល់វិស័យព្រះពុទ្ធសាសនាផង និងសង្គមជាតិទាំងមូលផង។ 

សម្តេចសង្ឃឹមថា សមាជិកានៃអង្គមហាសន្និបាតទាំងអស់ នឹងចូលរួមសហការគ្នាពិភាក្សា ចែករំលែក ផ្លាស់ប្តូរយោបល់ ផ្តល់ចំណេះដឹង បទពិសោធន៍ របកគំហើញ និងចក្ខុវិស័យ រកឱ្យឃើញនូវចំណុចខ្លាំង និងចំណុចខ្សោយ ដើម្បីឱ្យអនុសំវច្ឆរៈមហាសន្និបាត មន្ត្រីសង្ឃទូទាំងប្រទេស លើកទី២៧នេះ សម្រេច បាននូវគម្រោងផែនការ និងគោលការណ៍រួម សមតាមគោលបំណងនិងសំណូមពរ ដែលមហាសន្និបាត ចង់បាន ទៅតាមប្រធានបទដែលបានកំណត់ ក្នុងទិសដៅពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រង និងដឹកនាំ ព្រះសង្ឃ ការងារគ្រប់គ្រងវត្តអារាម ការងារពុទ្ធិក សិក្សា ការងារផ្សព្វផ្សាយព្រះធម៌ព្រះវិន័យ ក៏ដូចជា ការចូលរួមចំណែកអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា។

ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនាបានឲ្យដឹងថា អនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី២៧ ដែលបានប្រារព្ធធ្វើនាឆ្នាំនេះ នឹងប្រព្រឹត្តទៅមានរយៈពេល០២ថ្ងៃគឺចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីបូកសរុបសកម្មភាព និងពិនិត្យមើលលទ្ធផលនៃការអនុវត្តសង្ឃប្រកាសរបស់អនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃកាលពីឆ្នាំកន្លងទៅ ដោយមានកិច្ចពិភាក្សា និងផ្លាស់ប្តូរយោបល់លើការងារព្រះពុទ្ធសាសនានាពេលបច្ចុប្បន្ន និងលើកទិសដៅសម្រាប់អនុវត្តនាឆ្នាំបន្តសំដៅពង្រឹងការអនុវត្តរចនាសម្ព័ន្ធដឹកនាំគ្រប់គ្រង និងរាល់លិខិតបទដ្ឋានគតិយុត្តដែលមានស្រាប់ធ្វើឲ្យវិស័យព្រះពុទ្ធសាសនាមានការរីកចម្រើនស័ក្តិសមជាទីគោរពបូជារបស់ពុទ្ធបរិស័ទ និងពង្រឹងគុណភាពពុទ្ធិកសិក្សាដើម្បីអភិវឌ្ឍធនធានបុព្វជិតឲ្យកាន់តែមានភាពសុក្រឹត្យ និងគុណភាពខ្ពស់សំដៅធ្វើយ៉ាងណាឲ្យវិស័យព្រះពុទ្ធសាសនាមានការរីកចម្រើនស័ក្តិសមជាទីគោរពបូជារបស់ព្រះពុទ្ធបរិស័ទ។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានឲ្យដឹងទៀតថា ចំពោះវិស័យពុទ្ធិកសិក្សាបានបណ្តុះបណ្តាលព្រះសង្ឃតាំងពីថ្នាក់ធម្មវិន័យថ្នាក់ពុទ្ធិកបឋមសិក្សារហូតដល់ថ្នាក់ឧត្តមសិក្សា និងថ្នាក់ក្រោយឧត្តមសិក្សា។ ក្រៅពីការយកចិត្តទុកដាក់ខ្ពស់លើវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋវិស័យពាហិរសាសនាក៏ត្រូវបានយកចិត្តទុកដាក់ផងដែរ ពោលគឺក្រសួងបានបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ធ្វើឲ្យមានសុខដុមនីយកម្មវិស័យសាសនាបង្កលក្ខណៈឲ្យប្រជាជនមានសេរីភាពពេញលេញខាងជំនឿសាសនាដូចមានចែងក្នុងរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner