អភិបាលខណ្ឌឬស្សីកែវ ចែកប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុចំនួន២១៦ក្បាលដី ជូនប្រជាពលរដ្ឋ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានដឹកនាំមន្ត្រីពាក់ព័ន្ធផ្សេងៗទៀត នាំយកនូវប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុចំនួន២១៦ក្បាលដី ទៅចែកជូនប្រជាពលរដ្ឋ បានប្រើប្រាស់តាមតម្រូវការស្របច្បាប់ បន្ទាប់ពីមន្ត្រីជុំនាញការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខណ្ឌឫស្សីកែវ ក្រោមការដឹកនាំដោយលោក ប៊ុន ឡុង បានបញ្ចប់ការវាស់វែងសម្រង់ឈ្មោះទិន្ន័យតាមក្បាលដី រហូតមានការបិទផ្សាយជាសាធារណៈ ជូនដំណឹងទៅប្រជាពលរដ្ឋ ឲ្យមកពិនិត្យផ្ទៀងផ្ទាត់រួចរាល់ជាស្ថាពរ ស្ដីពីការធ្វើប្រទានកម្មដីធ្លី ដែលជាសម្បត្តិនៃបញ្ជីសារពើភណ្ឌរបស់រដ្ឋ សម្រាប់បែងចែកជូនប្រជាពលរដ្ឋរស់នៅ និងអាស្រ័យផលជាក់ស្ដែង តាមប្រកាសដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ការចែកប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន២១៦ក្បាលដីនេះដែរ គឺបានធ្វើឡើងនៅក្នុងបរិវេណបុរី ណៃ សុវណ្ណ ស្ថិតក្នុងភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃព្រហស្បត្តិ៍ ១៤រោច ខែកក្ដិក ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨នេះ។

ក្នុងពិធីនេះ លោក ជា ពិសី បានថ្លែងថា មុនបងប្អូនប្រជាពលរដ្ឋទទួលបានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុមកប្រើប្រាស់ នោះមន្ត្រីក្រុមការងារការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌ មានការដឹកនាំដោយលោក ប៊ុន ឡុង ប្រធានការិយាល័យ បានចំណាយពេលវេលាយ៉ាងច្រើន ក្នុងការចុះវាស់វែងកំណត់ព្រំដី និងសម្រង់ទិន្នន័យឲ្យបានច្បាស់លាស់ជាផ្លូវការសិន រហូតឈានដល់ការជូនដំណឹង បិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យ ផែនទីក្បាលដី គំនូសបង្ហាញទីតាំងក្បាលដី និងបញ្ជីឈ្មោះម្ចាស់ដី នៃប្លង់សុរិយោដី ខ្លាចក្រែងមានការខុសទំហំ ឬខុសឈ្មោះដោយអចេតនាណាមួយ ក្នុងការកែតម្រូវសម្រួលឡើងវិញរយះពេល១៥ថ្ងៃក្រោយ ដើម្បីបានពិនិត្យផ្ទៀងផ្ទាត់តវ៉ារួចរាល់ជាស្ថាពរ។

ដោយអាស្រ័យមានការចូលរួមផ្ដល់ទាំងព័ត៌មាន និងឯកសារ ក៏មានផ្ដល់សហការល្អពីអាជ្ញាធរមូលដ្ឋានផងដែរ ដែលបានបង្កលក្ខណៈងាយស្រួល ក្នុងការបំពេញភារកិច្ចចុះបញ្ជីដីធ្លីទទួលបានលទ្ធផលល្អប្រសើរ នៅក្រោយពីរដ្ឋបាលខណ្ឌឬស្សីកែវ បានប្រកាសចុះវាស់វែងដីធ្លី តាមគោលការឯកភាពរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ស្ដីពីការធ្វើប្រទានកម្មទីតាំងដី ដែលជាសម្បត្តិនៃបញ្ជីសារពើភណ្ឌរបស់រដ្ឋ ដើម្បីបែងចែកជូនប្រជាពលរដ្ឋរស់នៅ និងអាស្រ័យផលជាក់ស្ដែង តបតាមប្រសាសនដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner