រដ្ឋបាលខេត្តបាត់ដំបង បន្តការអំពាវនាវឲ្យអាជ្ញាធរស្រុក-ក្រុង ត្រូវផ្សព្វផ្សាយ និងជូនដំណឹងពីផលប៉ះពាល់កង្វះទឹកប្រើប្រាស់ និងស្រោចស្រពការដាំដុះដំណាំនារដូវប្រាំងខាងមុខដល់ប្រជាកសិករ
ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានក្រើនរំលឹកណែនាំ និងជំរុញឲ្យអាជ្ញាធរនៃរដ្ឋបាលក្រុង-ស្រុក និងមូលដ្ឋានគ្រប់ថ្នាក់ក្នុងខេត្តបាត់ដំបង ត្រូវធ្វើការផ្សព្វផ្សាយ និងចុះណែនាំផ្ទាល់ដល់ប្រពលរដ្ឋក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួន ឲ្យមានការប្រុងប្រយ័ត្នពីផលប៉ះពាល់ដោយគ្រោះរាំងស្ងួត ដែលអាចនឹងកើតមានឡើងនៅ
តាមបណ្តាមូលដ្ឋានរបស់ខ្លួន ទាំងទឹកប្រើប្រាស់ហូបចុក និងទឹកសម្រាប់ស្រោចស្រពដំណាំកសិកម្ម ជាពិសេសគឺអ្នករស់នៅតំបន់មួយចំនួនដែលធ្លាប់ធ្វើស្រែប្រាំងកន្លងមក។
ឯកឧត្តមថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង កាលពីល្ងាចថ្ងៃទី០៥ ខែធ្នូនេះ ហើយនេះក៏មិនមែនលើកដំបូងដែលអាជ្ញាធរខេត្តបានធ្វើការផ្សព្វផ្សាយដល់រដ្ឋបាលក្រុង-ស្រុកក្រោមឱវាទរបស់ខ្លួនឡើយ។ ជារឿយៗ នៅគ្រប់វេទិកាដែលមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅតាមបណ្តាស្រុកនានា ឯកឧត្តមអភិបាលខេត្តបាត់ដំបងតែងតែបានណែនាំដល់អាជ្ញាធរគ្រប់ថ្នាក់ត្រូវចុះធ្វើការណែនាំ និងផ្សព្វផ្សាយពីព័ត៌មាននេះឲ្យពលរដ្ឋខ្លួនមានការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ទឹក ត្រូវចេះសន្សំសំចៃទឹកប្រើប្រាស់ក្នុងរដូវប្រាំង កុំខ្ជះខ្ជាយទឹក កុំធ្វើស្រែប្រាំង ដោយហួសប្រមាណពីប្រភពទឹកដែលមានក្នុងមូលដ្ឋានរបស់ខ្លួន ឬតំបន់ដែលគ្មានប្រភពទឹកក្នុងការផ្គត់ផ្គង់ពីតម្រូវការគ្រប់គ្រាន់។
កន្លងមកថ្មីៗនេះ នៅក្នុងដំណើរបេសកកម្មរបស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តជាមួយនឹងថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម ដើម្បីចុះស្វែងយល់រកប្រភពទឹកក្នុងការរិះរកទាញយកទឹកមកផ្គត់ផ្គង់ដល់ស្រុគាស់ក្រឡ ខេត្តបាត់ដំបង ដែលតែងរងគ្រោះធ្ងន់ ទាំងក្នុងរដូវវស្សា និងរដូវប្រាំងកន្លងមក ក្នុងនោះឯកឧត្តមក៏បានធ្វើការណែនាំដាស់តឿនដល់អាជ្ញាធរស្រុករុក្ខគីរី ឲ្យធ្វើការប្រជុំណែនាំ និងផ្សព្វផ្សាយពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួន ឲ្យពិនិត្យពីកង្វះទឹកប្រើប្រាស់ និងពីតម្រូវការផ្គត់ផ្គង់ទាញយកប្រភពទឹកពីចំណុចអាងបាសាក់ ដើម្បីធ្វើស្រែប្រាំងរបស់បងប្អូន ដែលអាចប្រឈមពីកង្វះទឹកស្រោចស្រព។
ជាមួយគ្នានេះ ឯកឧត្តមក៏បានដាស់តឿនជំរុញឲ្យអាជ្ញាធរស្រុកគាស់ក្រឡ ត្រូវធ្វើផែនការត្រៀមបម្រុងក្នុងការជួយប្រជាពលរដ្ឋក្នុងស្រុករបស់ខ្លួន នៅរដូវប្រាំងនេះ ទាំងស្វះស្វែងរកប្រភពទឹក រៀបចំមធ្យោបាយសង្គ្រោះបន្ទាន់ក្នុងការដឹកទឹកស្អាតផ្គត់ផ្គង់ពីតម្រូវការហូបចុកប្រើប្រាស់ចាំបាច់ ឲ្យបានមុនហេតុការកើតឡើង ផ្ញើមករដ្ឋបាលខេត្តដើម្បីពិចារណារកដំណោះស្រាយឆ្លើយតប។
ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប្រចាំខែនេះ ឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ក៏បានណែនាំដល់គ្រប់សមាសភាពថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ និងស្ថាប័នមន្ទីរជុំវិញខេត្ត ត្រូវបន្តខិតខំពង្រឹងកិច្ចការពារសន្តិសុខបង្ការទប់ស្កាត់នូវឧបាយកល សកម្មភាពគ្រប់រូបភាពរបស់ក្រុមចលនាប្រឆាំងខុសច្បាប់។
បន្តជំរុញការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព បន្តពង្រឹង និងបង្កើនកិច្ចសហប្រតិបត្តិការល្អពីគ្រប់ស្ថាប័នពាក់ព័ន្ធ ដើម្បីបង្ការទប់ស្កាត់បទល្មើសព្រៃឈើ ជលផល តំបន់ការពារ និងធនធានធម្មជាតិ។ ក្នុងនោះ ក៏ត្រូវបន្តខ្លាំងក្លានូវយុទ្ធនាការធំៗ រួមមាន៖ ការទប់ស្កាត់បទល្មើសព្រហ្មទណ្ឌ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ការទប់ស្កាត់ បង្ក្រាបការជួញដូរមនុស្ស អាជីវកម្មផ្លូវភេទ និងការធ្វើចំណាកស្រុកខុសច្បាប់ ការបង្ក្រាបបទល្មើស នេសាទ និងល្មើសធនធានធម្មជាតិ ការលុបបំបាត់ប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យ និងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក៕
ដោយៈ អ៊ុក សំអាន