លោកជំទាវ ដួង វណ្ណា បានបន្តនាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ ៤៣ គ្រួសារ នៅស្រុករមាសហែក
លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង លោកជំទាវ ហៅ ច័ន្ទសិរី ទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា និងសហការី នាព្រឹកថ្ងៃសៅរ៍ ៧ កើត ខែអាសាធ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២០ នេះបានបន្តចុះសួរសុខទុក្ខ និងនាំយក អំណោយ មនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ(ចាស់ជរាគ្មានទីពឹង ២២ គ្រួសារ ជនពិការ ៣ នាក់ អ្នក រស់នៅជាមួយ មេរោគអេដស៍ ២ នាក់ ស្រ្តីមេម៉ាយ ៤ គ្រួសារ និងគ្រួសារមានជីវភាពខ្វះខាត ១២ គ្រួសារ)ក្នុងស្រុកស្វាយជ្រំ មកពី ឃុំដូនស ១៥ គ្រួសា ឃុំធ្លក ១៣ គ្រួសារ និងឃុំពោធិរាជ ១៥ គ្រួសារ សរុប ៤៣ គ្រួសារ ។
មានប្រសាសន៍ សំណេះសំណាលក្នុងឱកាសនោះ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តយសសាខា បានពាំនាំមក នូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនទាំងអស់ដោយក្តីនឹករឭក ដែលជានិច្ចកាលសម្តេចតែងតែ គិតគូ ដល់ សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការ នយោបាយ អ្វីឡើយ ។ លោកជំទាវបានបន្តថា កាកបាទក្រហមកម្ពុជា បាននិងកំពុងអនុវត្តនូវវិធានការ ផ្ដល់ កិច្ចអន្តរាគមន៍ឆ្លើយតបជាបន្ទាន់ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់នៅទូទាំងប្រទេស ដែលកំពុង រង ផល ប៉ះពាល់ ផ្នែកជីវភាពរស់នៅដោយសារជំងឺកូវីដ-១៩ ជាពិសេសជាអាទិភាពយើងត្រូវយកចិត្តទុកដាក់ គិតគូ ចំពោះគ្រួសារចាស់ជរាឥតទីពឹង គ្រួសារជនពិការ គ្រួសារកុមារកំព្រា ស្ត្រីមេម៉ាយកូនច្រើន អ្នកជំងឺរ៉ាំរ៉ៃ និង គ្រួសារ ដែលមានជីវភាពខ្វះខាតជាដើម ។ ក្នុងឱកាសនោះដែរលោកជំទាវ ដួង វណ្ណា ក៏បានផ្តាំផ្ញើបន្ថែម ដល់បងប្អូនប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការថែទាំសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ត្រូវគេងក្នុងមុង ដើម្បី ការពារ ជំងឺ គ្រុនឈាម និងចូលរួមទាំងអស់គ្នាគោរពច្បាប់ចរាចរណ៍ ជាពិសេសសូមកុំមានការធ្វេសប្រហែស ក្នុងការការពារ ពីជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានជាប់លាប់ជាប្រចាំ ។ អំណោយ ដែលផ្តល់ជូនប្រជាពលរដ្ឋទាំង ៤៣ គ្រួសារក្នុង ១ គ្រួសារទទួលបាន អង្ករ ២៥ គីឡូក្រាម មី ១ កេស ត្រីខ ១០ កំប៉ុង សាប៊ូ ២ ដុំ ក្រម៉ា ១ អាវយឺត ២ ម៉ាស់ ១ និងថវិកា ៤០,០០០រៀល ។
បន្ទាប់មកលោកជំទាវ និងក្រុមការងារសាខា បានបន្តនាំយកអំណោយមនុស្សធម៌ចែកជូនគ្រួសាររងគ្រោះដោសារខ្យល់កន្ត្រាក់ចំនួន ៦ គ្រួសារ (ធ្ងន់ ៣ គ្រួសារ មធ្យម ២ គ្រួសារ ស្រាល ១ គ្រួសារ)នៅឃុំអង្គតាសូ ស្វាយអង្គ គោកព្រីង និងឃុំ តាសួស ក្នុងស្រុកស្វាយជ្រំ ។ អំណោយ ដែលបាន ចែកជូនទាំង ៦ គ្រួសារ ៖ សម្រាប់គ្រួសាររងគ្រោះធ្ងន់ធ្ងរ ៣ គ្រួសារ ទទួលបាន អង្ករ ៣០ គក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប ធុងទឹកជ័រ ១ ឆ្នាំងបាយ-សម្ល ២ ក្រណាត់កៅស៊ូតង់ ១ កន្ទេលបត់ ១ ឃីត ១ កញ្ចប់ (ភួយ មុង សារុង ក្រមា) និងថវិកា ២០០,០០០ រៀល ។
គ្រួសារ រងគ្រោះមធ្យម ២ គ្រួសារ ក្នុង ១ គ្រួសារ ទទួលបាន អង្ករ ៣០ គក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹក ស៊ីអ៊ីវ ៦ ដប កន្ទេលបត់ ១ ឃីត ១ កញ្ចប់ (ភួយ មុង សារុង ក្រមា) និងថវិកា ៥០,០០០ រៀល និង សម្រាប់គ្រួសាររងគ្រោះស្រាល ១ គ្រួសារទទួលបានថវិកា ៥០,០០០ រៀល សម្រាប់ទិញសម្ភារជួសជុលផ្ទះឡើងវិញ ៕ ក្នុងឱកាសនោះដែរលោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ បានឧត្ថម្ភថវិការបន្ថែមដល់គ្រួសាររងគ្រោះធ្ងន់ ៣ គ្រួសារ ក្នុង ១ គ្រួសារថវិកា ១០០,០០០ រៀល ។