ចិនប្រកាសប្រឆាំងដាច់ខាត បន្ទាប់ពីព្រឹទ្ធសភាអាមេរិកអនុម័តសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មមន្រ្តីចិន ពាក់ព័ន្ធនឹងច្បាប់សន្តិសុខថ្មីសម្រាប់ទីក្រុងហុងកុង
ចិន៖ អ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅសហរដ្ឋអាមេរិក ក្នុងថ្ងៃសៅរ៍នេះ បានលើកឡើងថា ប្រទេសចិនប្រឆាំងដាច់ខាតចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកដែលនឹងដាក់ទណ្ឌកម្មលើមន្រ្តីចិនមួយចំនួន ជុំវិញសេចក្តីស្នើច្បាប់សន្តិសុខជាតិថ្មីសម្រាប់ទីក្រុងហុងកុង នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ។
ប្រតិកម្មរបស់ចិនខាងលើនេះ បានកើតមានឡើងក្រោយព្រឹទ្ធសភាអាមេរិក នៅថ្ងៃព្រហស្បត្តិ៍នេះ អនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់មួយ ដែលអាចដាក់ទណ្ឌកម្មលើមន្រ្តីចិនមួយចំនួន ជុំវិញសេចក្តីស្នើច្បាប់សន្តិសុខជាតិថ្មីសម្រាប់ទីក្រុងហុងកុង ។ សេចក្ដីព្រាងច្បាប់ខាងលើនេះ នឹងត្រូវបញ្ជូនបន្តទៅកាន់សភាតំណាងរាស្ត្រអាមេរិកបោះឆ្នោតអនុម័តបន្ត ។
ហើយនៅពេលសេចក្ដីព្រាងច្បាប់នេះ ក្លាយជាច្បាប់ផ្លូវការនោះ វានឹងបើកភ្លើងខៀវឱ្យសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មប្រឆាំងក្រុមមន្ត្រីចិន និងប៉ូលិសហុងកុង ដែលបំផ្លិចបំផ្លាញស្វ័យភាពរបស់ក្រុងហុងកុង រួមទាំងធនាគារទាំងឡាយណាដែលមានទំនាក់ទំនងជាមួយនឹងពួកគេ ។ សេចក្ដីព្រាងច្បាប់នេះទៀតសោត ត្រូវបានអនុម័ត ស្របពេលដែលចិនកំពុងត្រៀមដាក់ឱ្យអនុវត្តច្បាប់សន្តិសុខជាតិថ្មីលើទីក្រុងហុងកុង ដើម្បីទប់ស្កាត់បង្កចលាចល ភេរវកម្ម និងផ្ដាច់ទឹកដីជាដើម ៕