សហរដ្ឋអាមេរិករកឃើញអ្នកឆ្លង COVID-19 ចំនួន៤ម៉ឺន៥ពាន់២៤២ករណីថ្មីទៀត ក្នុងពេលតែមួយថ្ងៃ ខណៈតួលេខនេះជាកំណត់ត្រាឆ្លងដ៏អាក្រក់បំផុតថ្មី

អត្ថបទដោយ៖
Kien Sereyvuth

សហរដ្ឋអាមេរិក៖ អាជ្ញាធរសុខាភិបាលអាមេរិកបានរាយការណ៍ពីការរកឃើញអ្នកឆ្លងជម្ងឺ COVID-19 ចំនួន៤ម៉ឺន៥ពាន់២៤២ករណីថ្មីបន្ថែមទៀតនៅក្នុងថ្ងៃសុក្រម្សិលមិញ ដោយវាជាតួលេខឆ្លងក្នុងពេលតែមួយថ្ងៃដ៏ខ្ពស់បំផុត និង អាក្រក់បំផុត នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ។

បើបូកបញ្ចូលករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ នៅទូទាំងសហរដ្ឋអាមេរិកមានចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់២.៥៥លានករណី ។ កំណត់ត្រាថ្មីសម្រាប់ការធ្វើតេស្តវិជ្ជមាន COVID-19 នេះ បានកើតមានឡើងចំពេលដែលបណ្តារដ្ឋជាច្រើនរបស់សហរដ្ឋអាមេរិក នៅចំកណ្តាលនៃការកើនឡើងករណីឆ្លងថ្មីៗ បានចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិតលើការបើកអាជីវកម្ម ។

សូមបញ្ជាក់ថា សហរដ្ឋអាមេរិកស្ថិតនៅលំដាប់កំពូល ក្នុងចំណោមប្រទេសរងគ្រោះធ្ងន់ធ្ងរបំផុត ដែលមានមនុស្សឆ្លង និងស្លាប់ដោយសារតែជម្ងឺ COVID-19 ដោយគិតត្រឹមថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ សហរដ្ឋអាមេរិកមានអ្នកឆ្លងសរុប២លាន៥៥ម៉ឺន២ពាន់៩៥៦ករណី ក្នុងនោះមានអ្នកស្លាប់១២ម៉ឺន៧ពាន់៦៤០នាក់ និងជាសះស្បើយឡើងវិញ១លាន៦ម៉ឺន៨ពាន់៧០៣នាក់ ខណៈអ្នកជម្ងឺសកម្ម ឬកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ១លាន៣៥ម៉ឺន៦ពាន់៦១៣នាក់ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner