លោក ដូណាល់ ត្រាំ ចុះហត្ថលេខលើបទបញ្ជាប្រតិបត្តិដ៏តឹងរឹងមួយ ដើម្បីការពារការបំផ្លាញរូបសំណាក ឬបូជនីយដ្ឋាននានានៅក្នុងសហរដ្ឋអាមេរិក
សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រនេះ បានបញ្ជាក់នៅលើបណ្តាញសង្គមថា រូបលោកបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ មានគោលបំណងការពារការបំផ្លាញរូបសំណាក ឬបូជនីយដ្ឋាននានា រួមទាំងទ្រព្យសម្បត្តិសហព័ន្ធនៅក្នុងសហរដ្ឋអាមេរិក នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ។
នៅក្នុងសារមួយបង្ហោះលើធ្វីតធើ លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកទើបចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដ៏តឹងរឹងមួយ ដើម្បីការពារវិមានអាមេរិក ក៏ដូចជាការពារការបំផ្លាញរូបសំណាក ឬបូជនីយដ្ឋាននានា ព្រមទាំងការប្រយុទ្ធប្រឆាំងជាមួយអំពើហិង្សាថ្មីៗនេះ ។ លោក ត្រាំ បានសង្កត់ធ្ងន់ថា ការជាប់ពន្ធនាគាររយៈពេលយូរ ចំពោះការប្រព្រឹត្តិខុសច្បាប់ទាំងនេះ ដែលប្រឆាំងនឹងប្រទេសដ័អស្ចារ្យរបស់យើង ។
សូមរំលឹកថា កន្លងមកប្រធានាធិបតីអាមេរិករូបនេះបានសន្យាថា អ្នកទាំងឡាយណាដែលហ៊ានបំផ្លាញរូបសំណាក ឬបូជនីយដ្ឋាននានា អាចនឹងប្រឈមមុខជាប់ពន្ធនាគារ១០ឆ្នាំ ។ ហើយការព្រមានបែបនេះ ធ្វើឡើងចំពេលដែលរូបសំណាក ឬបូជនីយដ្ឋានដែលមានជាប់ពាក់ព័ន្ធនឹងទាសភាព និងអាណានិគម កំពុងស្ថិតនៅក្រោមគោលដៅរបស់ក្រុមបាតុករនៅក្នុងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសមួយចំនួននៅអឺរ៉ុប ៕