ក្រុមបាល់ទាត់ Mahahang All Stars FC បំបាក់ក្រុមបាល់ទាត់របស់នាយពែកមី Pekmi FC ជាមួយនឹងលទ្ធផល៥ទល់២នៅលើសមភូមិវាលស្មៅរបស់វិទ្យាល័យឥន្ទ្រទេវី
ភ្នំពេញ៖ ក្រុមបាល់ទាត់តារារបស់នាយកពែកមី និង ក្រុមបាល់ទាត់ដែលចម្រុះដោយតារាៗរបស់ផលិតកម្មមហាហង្ស បានប៉ះគ្នាជាលើកដំបូង ដោយបញ្ចប់ការប្រកួត ក្រុមនាយកពែកមីដែលជាក្រុមបង្កើតមុន និង ល្បីឈ្មោះជាយូរមកហើយនោះ បានទទួលការបរាជ័យនៅឯសមភូមិវាលស្មៅរបស់វិទ្យាល័យឥន្ទ្រទេវី ។
ដ្បិតតែជាតារាក្នុងវិស័យបាល់ទាត់ពាក់កណ្ដាលអាជីព ក្រុមបាល់ទាត់មហាហង្សដែលមានឈ្មោះជាផ្លូវការថា Mahahang All Stars FC និងក្រុមរបស់នាយពែកមី ដែលមានឈ្មោះថា Pekmi FC គឺជាក្រុមបាល់ទាត់ដែលមានកេរ្តិ៍ឈ្មោះសំលេង ដោយមានប្រវត្តិយកឈ្នះលើក្រុមជាច្រើន ។ ប៉ុន្តែក្រុមតារាទាំងពីរក្រុមមិនធ្លាប់ជួបគ្នានោះទេ បើទោះជាមានព័ត៌មានថា ក្រុមនាយពែកមីប៉ងចង់ប្រកួតជាមួយក្រុមនេះតាំងពី០២ឆ្នាំមុន ។ យោងតាមការបង្ហោះរបស់នាយ ពែកមី បានបង្ហោះថា “ថ្ងៃនេះចាញ់ក្រុមហាហង្ស ត្រូវមួយកែងប៉ោងភ្នែកទៀត ។ ងាកទៅមើលផេករបស់ផលិតកម្មមហាហង្ស ក៏បង្ហាញពីការអបអរសាទរចំពោះជ័យជម្នះរបស់ខ្លួនលើក្រុមនាយពែកមី ដែលជាក្រុមខ្លាំង និងស្ទើរតែក្លាយជាក្រុមអាជីព ដោយសារតែមានកីឡាករខ្លាំងៗនៅក្នុងនោះផងដែរ ។
ប្រភពពីអ្នកទស្សនាបានទម្លាយមកថា មុនបញ្ចប់ការប្រកួត ក្រុមទាំងពីរមិនត្រឹមតែប្រឹងស្វិតស្វាញក្នុងការស្វែងរកគ្រាប់បាល់ប៉ុណ្ណោះទេ តែក៏មានការប៉ះទង្កិចគ្នាតិចតួចផងដែរ ។ យ៉ាងណាមិញ លោក អ៊ិន សុភិន មិនទាន់អាចធ្វើការបកស្រាយបន្ថែមលើជ័យជម្នះនេះទេ ប៉ុន្តែគេមើលឃើញថា ឱកាសយកឈ្នះលើក្រុមនាយពែកមី គឺការបង្កើនមុខមាត់កាន់ តែខ្លាំងរបស់ក្រុមនេះ បន្ទាប់ពីក្រុមមហាហង្សបានប្រមូលតារាអោយក្លាយជាកីឡាករ ហើយយកឈ្នះលើក្រុមជាច្រើននៅក្នុងវិស័យបាល់ទាត់ ៕