រថយន្តធំបើកលឿនជ្រុលទៅបុកម៉ូតូខាងមុខពេញទំហឹង បណ្តាលឲ្យប្រពន្ធស្លាប់ និងប្ដីរងរបួស
ភ្នំពេញ៖ ប្តីប្រពន្ធកំពុងជិះម៉ូតូឌុបគ្នាតាមផ្លូវ៥០ម៉ែត្រ ស្រាប់តែត្រូវរថយន្តធន់ធំដឹកសសរមួយគ្រឿងបានបើកបរលឿនជ្រុលបុកពេញទំហឹងបណ្តាលឲ្យកិនប្រពន្ធស្លាប់ និងប្តីរងរបួស កាលពីវេលាម៉ោង៩នឹង១០នាទីព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវក្រវាត់ក្រុង(៥០ម៉ែត្រ) ក្នុងភូមិអន្លង់គង សង្កាត់ព្រសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បើតាមសម្ដីបុរសជាប្តីបានឲ្យដឹងថា គាត់បានជិះម៉ូតូឌុបប្រពន្ធចេញពីកន្លែងរើសអេតចាយដើម្បីមករកទិញម្ហូបហូប តែអកុសលពេលកំពុងជិះម៉ូតូសុខៗស្រាប់តែមានឡានធន់ធំមួយគ្រឿងបើកបរយ៉ាងលឿនមកពីក្រោយក៏ជ្រុលបុកគាត់ពេញទំហឹងបណ្តាលឲ្យដួលម៉ូតូ ធ្វើឲ្យប្រពន្ធគាត់ខ្ទាតចូលក្រោមរថយន្តកិនស្លាប់ ចំណែករូបគាត់បានរងរបួសស្រាល។ គាត់បន្តថា ប្រពន្ធគាត់មានឈ្មោះ ស៊ុន យេញ អាយុ៤៣ឆ្នាំ មានមុខរបរជាអ្នករើសអេតចាយ ស្នាក់នៅម្តគំនរសំរាម សង្កាត់ដង្កោ ខណ្ឌដង្កោ។ យោងតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងដែរថា ក្រោយពេលកើតហេតុរថយន្តបានព្យាយាមបើករថយន្តគេចខ្លួនតែត្រូវបានកម្លាំងសមត្ថកិច្ចដែលយាមតាមគោលដៅដេញរហូតឃាត់បានទាំងតៃកុងរថយន្ត និងរថយន្តបង្ក យកទៅកាន់ស្នាក់ការប៉ុស្តិ៍ភ្លាមៗ។ ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចុះធ្វើការវាស់វែងយកម៉ូតូ និងរថយន្តបង្ក រួមទាំងតៃកុងរថយន្តយកទៅកាន់ការិយាល័យចរាចរជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសពជនរងគ្រោះ ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ម.ន