កម្ពុជា នឹងមានកន្លែងកែច្នៃសំរាមឲ្យទៅជាថាមពលអគ្គិសនី ដែលចំណាយទុនវិនិយោគ៨៦លានដុល្លារ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ តំណាងក្រុមហ៊ុន Shandong Wangeng Energy Technology Co.,LTD  បានជម្រាប ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ អំពីគោលដៅ និងលទ្ធភាពរបស់ក្រុមហ៊ុន ដែលអាចបង្កើតថាមពលអគ្គិសនី ដើរដោយថាមពល នុយក្លេអ៊ែរ និងការបង្កើតថាមពលអគ្គិសនី ដោយការច្នៃសំណល់ ថាមពលអគ្គិសនីដោយកង្ហារខ្យល់ ថាមពលអគ្គិសនីដោយជីវឧស្ម័ន ថាមពលអគ្គិសនីដោយជីវម៉ាស់ ក៏ដូចជាការកសាងបណ្តាញអគ្គិសនី។ ទន្ទឹមនឹងនេះភាគី ក្រុមហ៊ុន ក៏បានលើកឡើងអំពីការដុតសំរាម ដោយប្រើបច្ចេកវិទ្យាក្នុងការកែច្នៃធនធាន ដែលមានការគិតគូរពីបរិស្ថាន និងអាចមានលទ្ធភាពបន្ថយឈានដល់ចំណុចសូន្យ ចំពោះផលប៉ះពាល់ឧស្ម័នបញ្ចេញចោលទៅបរិយាកាស។ តំណាង ក្រុមហ៊ុននេះ បានស្នើសុំវិនិយោគលើការកែច្នៃសំរាមទៅជាថាមពលអគ្គិសនីលើ២ខេត្ត គឺខេត្តព្រះសីហនុ និងខេត្តសៀមរាប ដែលការបម្លែងថាមពលអគ្គិសនីទាំង២ខេត្តខាងលើនេះ ក្រុមហ៊ុនគ្រោងចំណាយទុនវិនិយោគចំនួន ៨៦លានដុល្លារអាម៉េរិក និងគ្រោងមានតម្លៃលក់ទៅអគ្គិសនីកម្ពុជា។ ជាមួយគ្នានេះ រដ្ឋមន្ត្រី សាយ សំអាល់ បានគាំទ្រ និងបានលើកឡើងថា ការគិតគូពីការងារគ្រប់គ្រងសំរាម និងកាកសំណល់ និងការកែច្នៃ ជាគោលដៅសំខាន់ ដែកក្រសួងត្រូវជំរុញឲ្យមានការអនុវត្ត ស្របតាមបច្ចេកវិទ្យាទំនើបដែលជាលទ្ធភាពយើងអាចធ្វើបាន។ ជាក់ស្តែង នៅក្នុងជំនួបពិភាក្សាលើការកែច្នៃសំរាមទៅជាថាមពលអគ្គិសនី ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរ ដោយស្នើឲ្យមាន ការគិតគូអំពីតម្លៃនៃការលក់ថាមពលដែលបម្លែងពីសំរាម និងអគ្គិសនីដែលផលិតបាន មកត្រូវលក់នៅកន្លែងណា ព្រោះជាផ្នែកមួយដើម្បីចូលរួមក្នុងវិស័យបរិស្ថាន។ ជាការឆ្លើយតប ក្រសួងបរិស្ថាន ក៏បាននិងកំពុងយក ចិត្តទុកដាក់ កម្រិតគោលនយោបាយ ក្នុងការរៀបចំកែលម្អប្រព័ន្ធគ្រប់គ្រងសំណល់រឹង សំរាម ការរៀបចំក្រុង ការរៀបចំទីលានចាក់សំរាម ជំរុញការកែច្នៃ និងការប្រើប្រាស់ឡើងវិញ តាមរយៈការសហការជាមួយក្រុមហ៊ុនទទួលទិញអេតចាយ ក្រុមហ៊ុនវិនិយោគ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីធ្វើយ៉ាងណាឲ្យសុខភាព សោភណ្ឌភាព នៃការអនុវត្តប្រកបដោយប្រសិទ្ធភាព និងការរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង។ ក្រុមហ៊ុន Shandong Wangeng Energy Technology Co.,LTD   គឺ ជាក្រុមបង្កើតថាមពលអគ្គិសនី៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner