រស្ស៊ី ប្រកាសថានឹង ប្រើបំណុលចាស់ឲ្យទៅជាការវិនិយោគនៅកម្ពុជា ថែមទាំងផ្តល់ជំនួយថ្មីបន្ថែម ចាប់ពីឆ្នាំ២០១៩ ទៅ

 

 

    សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញធ្វើជំនួបទ្វេភាគីជាមួយ ឯកឧត្តម ដិមិទ្រី មីតដ្វេដែវ (Dmitry Medvedev) នាយករដ្ឋមន្រ្តីរុស្សី។ក្នុងជំនួបពិភាក្សាគ្នានោះ ឯកឧត្តមនាយករដ្ឋមន្រ្តីរុស្សី ដិមិទ្រី មីតដ្វេដែវ មានប្រសាសន៍ថា ឯកឧត្តមពិតជាមានការរីករាយដោយបានជួបសម្តេចសាជាថ្មីម្តងទៀត បន្ទាប់ពីជួបសម្តេចក្នុងឱកាស នៃការអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីឆ្នាំ២០១៥។ ឯកឧត្តមមានប្រសាសន៍​​បន្តថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងរុស្សី ពិតជាមានភាពល្អប្រសើរខ្លាំងណាស់ ក្នុងពេលបច្ចុប្បន្ន។ ឯកឧត្តមបន្តថា កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបនៅទីក្រុងប្រ៊ុចសែល គឺជាឱកាសដ៏ល្អ និងមានសារសំខាន់បំផុត ក្នុងការដែលផ្តល់ឱកាសឲ្យរូបឯកឧត្តម បានជួបសន្ទនាដោយផ្ទាល់ជាមួយ សម្តេចតេជោសាជាថ្មីម្តងទៀត។

 

សម្តេចបានជំរាបជូនឯកឧត្តមនាយករដ្ឋមន្រ្តី ពីការដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ក្នុងឆ្នាំ២០២០ខាងមុខ និងសូមគោរពអញ្ជើញឯកឧត្តមចូលរួមក្នុងកិច្ចប្រជុំកំពូលនោះផងដែរ។ តាមរយះកិច្ចសន្ទនាដោយផ្ទាល់នោះដែរ សម្តេចតេជោមានប្រសាសន៍ថ្លែង នូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះឯកឧត្តមនាយករដ្ឋមន្រ្តី ដែលបានផ្ញើសារលិខិតចូលរួមអបអរសាទរ និងជូនពរសម្តេចដែលត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីសាជាថ្មីម្តងទៀត។

 

          ទាក់ទិនទៅនិងប្រសាសន៍លើកឡើង របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ឯកឧត្តមនាយករដ្ឋមន្រ្តីរុស្សីមានប្រសាសន៍ថា រុស្សីតែងតែគាំទ្រសម្តេចតេជោនាយករដ្ឋមន្រ្តី និងប្រទេសកម្ពុជា។ ឯកឧត្តមបន្តថា ឯកឧត្តមបានជួបសន្ទនាដោយផ្ទាល់ជាមួយសម្តេចមុនពេល ដែលកម្ពុជារៀបចំការបោះឆ្នោត ហើយសម្តេចបានប្រាប់ដល់ឯកឧត្តមពីការបោះឆ្នោតនៅកម្ពុជាហើយតាមរយះនោះឯកឧត្តមបានបញ្ជូនអ្នកសង្កេតការណ៍ការបោះឆ្នោតមកកាន់កម្ពុជា។ សម្តេចតេជោមានប្រ សាសន៍ថា កម្ពុជានិងបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយនិងរុស្សី ពិសេសសូមអរគុណចំពោះរុស្សីដែលបានបញ្ជូនអ្នកសង្កេតការណ៍ និងសម្ភារះមួយចំនួនដល់ដំណើរការបោះឆ្នោត ក្នុងប្រទេសកម្ពុជា។ សម្តេចតេជោក៏បានលើកពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងរុស្សី លើការប្រយុទ្ធប្រឆាំងភេរវកម្ម តាមរយះនេះសម្តេចស្នើឲ្យមានការពង្រឹងថែមទៀត លើកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ពិសេសការបង្កើនកិច្ចសហប្រតិបត្តិការ និងការគាំទ្រពីរុស្សីលើវិស័យព័ត៌មាន ពិសេសកិច្ចសហប្រតិបត្តិការរវាង ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ជាមួយនិងទីភ្នាក់ងារសារព័ត៌មានតាស់របស់រុស្សី ដែលគ្រោងបើកនៅប្រទេសកម្ពុជា នាពេលខាងមុខ។ ក្នុងជំនួបទ្វេភាគីនោះដែរ សម្តេចតេជោមានប្រសាសន៍លើកឡើងពីបំណុលដែលកម្ពុជាជំពាក់អតីតសហភាពសូវៀត ពោលគឺកម្ពុជាចង់បង្វែបំណុលនោះ ទៅជាការវិនិយោគនៅកម្ពុជា។ សម្តេចក៏បានអរគុណចំពោះរុស្សី ដែលបានសន្យាជួយដល់ការធ្វើឲ្យទំនើបនីយកម្ម នៃមន្ទីរពេទ្យមិត្តភាពខ្មែររុស្សី។ សម្តេចបានចាត់ទុកថា មន្ទីរពេទ្យមិត្តភាពខ្មែររុស្សី គឺពិតជាមានតម្លៃបំផុតសម្រាប់កម្ពុជា រួមទាំងវិទ្យាស្ថាបច្ចេកវិទ្យាកម្ពុជាតិចណូផងដែរ។

 

          ឯកឧត្តមនាយករដ្ឋមន្រ្តីរុស្សី លើកឡើងថា នឹងបន្តសហការជាមួយកម្ពុជា ទៅលើ វិស័យជាច្រើនរួមទាំងវិស័យសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ដើម្បីឲ្យទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែរឹងមាំទ្វេឡើងថែមទៀត។ ឯកឧត្តមបន្តថា ចាប់ពីឆ្នាំ២០១៩ទៅ រុស្សីនឹងផ្តល់ជំនួយមួយចំនួនដល់ប្រទេសកម្ពុជា ហើយតាមរយះការបញ្ជូនប្រធានថ្មីរុស្សី នៃគណះកម្មការអន្តររដ្ឋាភិបាលរបស់ប្រទេសទាំងពីរ ដែលគ្រោងនិងបើកកិច្ចប្រជុំនៅក្នុងខែមករា ឆ្នាំ២០១៩។ ពាក់ព័ន្ធទៅនិងបំណុលដែលកម្ពុជាជំពាក់នោះ ឯកឧត្តមនាយករដ្ឋមន្រ្តីរុស្សីមានប្រសាសន៍ថា រុស្សីនិងប្រើប្រាស់បំណុលនោះ សម្រាប់ជាការវិនិយោគនៅកម្ពុជា ដែលនោះគឺជាអាទិភាពដ៏ល្អសម្រាប់កម្ពុជាដែលរុស្សីចង់ជួយ។ ឯកឧត្តមក៏បានជំរាបជូនសម្តេច ពីការផ្តល់ជំនួយបច្ចេកទេសមួយចំនួន ក្រៅពីការជួយដល់ការជួសជុលមន្ទីរពេទ្យមិត្តភាពខ្មែររុស្សី រុស្សីក៏មានបំណងជួយដល់ការជួសជុលប្រាសាទបុរាណមួយចំនួនរបស់កម្ពុជា ដោយសារតែមានអ្នកទេសចរណ៍រុស្សីជាច្រើន បានទៅទស្សនានិងចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រទេសកម្ពុជា៕

 

         

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner