ជិះម៉ូតូឌឺដងគ្នាជ្រុលទៅបុកគ្នាដួល ងើបឡើងមកវាយគ្នា បែកក្បាលម្នាក់ ផ្អើលពេញមុខមន្ទីរពេទ្យរុស្សី
ភ្នំពេញ ៖ ក្មេងទំនើង៤នាក់ គ្រាន់តែមើលមុខគ្នាមិនបាន ឌឺដងដាក់គ្នា ឈានដល់ជិះដេញវាយគ្នា យ៉ាងអាណាធិបតេយ្យ ក៏ជ្រុលទៅបុកគ្នាបណ្ដាលឲ្យដួលទាំងសងខាង ហើយនៅតែបន្តវាយ គ្នាទៀត បណ្ដាលឲ្យយុវជនម្នាក់បែកក្បាល និងត្រូវសមត្ថកិច្ចឃាត់ខ្លួនបានទាំង៤នាក់ រួចបញ្ជូនទៅធ្វើការសាកសួរនៅប៉ុស្តិ៍ភ្លាមៗតែម្ដង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០៨:០៥នាទីយប់ ថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចផ្លូវ២៧១ ដែលស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (មុខពេទ្យរុស្ស៊ី)។ សមត្ថកិច្ចបានឲ្យដឹងថា ក្មេងទំនើងទាំង៤នាក់នេះមានឈ្មោះដូចជា ៖ ភាគី(ក) ទី១)ឈ្មោះ ម៉េង ពៅ អាយុ១៩ឆ្នាំ ទី២)ឈ្មោះ ណេ អាយុ១៦ឆ្នាំ និងភាគី(ខ)ទី១)ឈ្មោះ ពៅ សិលា អាយុ១៧ឆ្នាំ និងទី២.)ឈ្មោះ វី វឌ្ឍនា អាយុ១៥ឆ្នាំ។
សាក្សីនៅក្បែរកន្លែងកើតហេតុបានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញក្រុមក្មេងទំនើង២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក Nexធ្វើ ដំណើរពីលិចទៅកើត ឌុបគ្នាក្នុងល្បឿនយ៉ាងលឿន មកពីក្រោយក្រុមក្មេងទំនើងមួយក្រុមទៀត មានគ្នា២នាក់ដូចគ្នា ជិះម៉ូតូមួយគ្រឿងម៉ាកDream រួចជិះដេញវាគ្នាទៅវិញទៅមក តាមផ្លូវ២៧១ រួចមើលមុខ គ្នា លុះមកដល់ចំណុចមុខពេទ្យរុស្ស៊ី ស្រាប់តែភាគីក្មេងទំនើងដែលជិះ Dream បានស្រែកថាភាគីក្មេងទំនើងជិះម៉ូតូ Nex ជា “ចោរៗ” ហើយក៏បុកគ្នាបណ្ដាល ឲ្យដួលម៉ូតូទាំង២គ្រឿងតែម្ដង ហើយក្រុមក្មេងទំនើងដែលជិះម៉ូតូ Dream បានវាយទៅលើភាគីដែលជិះម៉ូតូ Nex បណ្ដាលឲ្យពកក្បាល ហើយភាគីដែលជិះម៉ូតូ Nex ក៏ស្ទុះទៅរើសមួកសុវត្ថិភាព យកមកវាយទៅលើភាគីដែលជិះម៉ូតូ Dream វិញ បណ្ដាលឲ្យបែកក្បាលម្នាក់ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរ និងធ្វើឲ្យមានការកកស្ទះចរាចរណ៍ផងដែរ។
ភ្លាមៗនោះកម្លាំង សមត្ថកិច្ចស្លៀកពាក់ស៊ីវិល ដែលនៅជិតនោះ បានឃាត់ខ្លួនបណ្ដោះអាសន្ននៅកន្លែងកើតហេតុតែម្ដង ហើយទាក់ទងប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ២ ដើម្បីយកទៅប៉ុស្តិ៍ដើម្បីសាកសួរផងភ្លាមៗផងដែរ។ ក្រោយពេលកើតហេតុភាគីទាំងសងខាងយល់ព្រមសម្របសម្រួលគ្នា ដោយភាគីខាងម៉ូតូ Nex ជួយចេញថ្លៃលាងរបួសទៅឲ្យភាគីខាងម៉ូតូ Dream ដែលរងរបួសបែកក្បាល ចំនួន ៣០ដុល្លារ ដើម្បីបញ្ចប់រឿង នៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ និងបានធ្វើកិច្ចសន្យា អប់រំណែនាំ ហៅអាណាព្យាបាលឲ្យមកយក ត្រលប់ទៅផ្ទះវិញរៀងៗ៕