ឃើញសមត្ថកិច្ចភ័យពេក រត់ឡើងតោងខ្សែភ្លើងឆក់ស្លាប់យ៉ាងអណោចអធម៌

ភ្នំពេញ ៖ មានហេតុការដ៏រន្ធត់ និងភ្ញាក់ផ្អើលមួយបានកើតឡើង ពេលក្មេងប្រុសវ័យ១៤ឆ្នាំម្នាក់ បានឆក់ខ្សែភ្លើងស្លាប់​ កាលពីវេលាម៉ោង​៣ និង១០​នាទី​រសៀលថ្ងៃទី​១៧​ ខែ​តុលា​ ឆ្នាំ​២០១៨​ ស្ថិតតាមបណ្តោយផ្លូវ២៧១​ សង្កាត់​ស្ទឹងមានជ័យទី១​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ ពេលដែលក្មេងប្រុសរូបនោះបានព្យាយាមរត់គេចពីសមត្ថកិច្ច ហើយតោងបង្គោលភ្លើងបណ្តាលឲ្យឆក់​ស្លាប់តែម្ដង។

តាមប្រភពពីប្រជាពលរដ្ឋដែលនៅជុំវិញកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា​ ដំបូងក្មេងប្រុសម្នាក់នេះ បានទៅដើរលេងក្បែរប្រឡាយទឹក ហើយស្របពេលនោះ មានអាជ្ញាធរមួយក្រុម ចុះមកពិនិត្យស្ថានភាពការស្តារប្រឡាយខាងលើ​។ ភ្លាមនោះក្មេងប្រុសរងគ្រោះ មានការភ័យពេកក៏បានរត់ឆ្លងប្រឡាយ ខ្លួនទទឹកជោគ​ រួចបានបន្តរត់ទៅផ្លោះរបងផ្ទះប្រជាពលរដ្ឋ​ ក៏តោង ប៉ះចំបង្គោលភ្លើង​ បណ្តាលឲ្យឆក់ខ្សែភ្លើងស្លាប់នៅលើចំម្រឹងដែករបងតែម្តង​។

ពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចបានមូលដ្ឋានបានឲ្យដឹងថា​ ក្មេងប្រុសមានឈ្មោះ​ ម៉ូ​ នី​ អាយុ១៤ឆ្នាំ​ ស្នាក់​នៅម្តុំសំណង់១២​ សង្កាត់ទឹកល្អក់ទី២​ ខណ្ឌ​ទួលគោក​។ សមត្ថកិច្ចបានបន្តថា​ ទំនងក្មេងប្រុសម្នាក់នេះ ធ្លាប់ប្រើប្រាស់ថ្នាំញៀន ទើបពេលឃើញសមត្ថកិច្ច ភ័យហើយរត់គេច រហូតមកជួប រឿងបែបនេះ​។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយនឹងមន្ត្រីជំនាញ ចុះធ្វើកោសល្យវិច្ច័យលើ​សពដល់ទីតាំងកើតហេតុ រួចបានប្រគល់​សពឲ្យទៅក្រុមគ្រួសារ ដឹកយកទៅ ធ្វើបុណ្យតាមប្រពៃណី​ ក្រោយពិនិត្យឃើញថា ពិតជាស្លាប់ដោយខ្សែភ្លើងឆក់ប្រាកដមែន៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner