បុរសម្នាក់ស្រវឹងស្រាជោគជាំ បើករថយន្ដទំនើបបុករះរបស់របរអ្នកលក់ដូរតាមផ្លូវខ្ទេចគ្នាសល់ និងបុកទម្លុះរបងការដ្ឋានថែមទៀតទើបទៅមុខលេងរួច
ភ្នំពេញ៖ បុរសម្នាក់បើករថយន្ដទាំងស្ថានភាពស្រវឹងស្រា បានទៅបុករះរឺម៉កកង់បីលក់ដូរ និងរបស់របរតាមផ្លូវបណ្ដាលឲ្យខ្ទេចខ្ទីគ្មានសល់ ដោយមិនទាន់អស់ល្បឿនក៏បន្តទៅបុករបងការដ្ឋាន ក្បែរនោះបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំថែមទៀត ហើយក្នុងហេតុការណ៍គ្រាន់តែមានមនុស្សរងរបួសស្រាលតែប៉ុណ្ណោះ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពី វេលាម៉ោង១២ និង៤០នាទីរំលងអាធ្រាត្រ ឈានចូលនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវរដ្ឋសភា ក្បែរផ្សារកុងទ័រន័រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រាបើករថយន្ដទំនើងម៉ាក អូរឌី ពណ៌សរ ពាក់ស្លាកលេខភ្នំពេញ 2AQ-8808 បានធ្វើដំណើរតាមបណ្ដោយផ្លូវរដ្ឋសភា ទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុក៏បានរេចង្កូតមកបុករះរឺម៉កកង់បីអ្នកលក់ដូរ និងរបស់របរលក់ដូរផ្សេងៗ ទៀតជាច្រើនរាយបាយពាសពេញផ្លូវ និងបង្កគ្រោះថ្នាក់ដល់ក្មេងៗ៣នាក់រងរបួសស្រាល ឯរថយន្តបង្កនោះនៅមិនទាន់អស់ល្បឿនក៏បានទៅបុកទម្លុះរបងការដ្ឋានក្បែរនោះរងការខូចខាតយ៉ាង ដំណំបន្ថែមទៀតទើបទៅមុខលេងរួច នេះសំណាងណាស់ដែលមិនបង្កគ្រោះថ្នាក់ដល់មនុស្ស។ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ និងបានធ្វើការវាស់វែង យករថយន្ដបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយទៅតាមផ្លូវច្បាប់៕