រដ្ឋលេខាធិការក្រសួងបរិស្ថាន៖ ការគ្រប់គ្រងសំណល់រឹង សំរាមគឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា

«សូមគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមនឹងបងប្អូនប្រជាពលរដ្ឋចូលរួមសហការអនុវត្តលើការងារគ្រប់គ្រង សំណល់រឹងរាវ និងសំរាមដែលបានបង្កើតឡើងនៅក្នុងទីតាំងរោងចក្រ សហគ្រាស សិប្បកម្ម និងក្រុមហ៊ុន ភោជនីយដ្ឋាន អាជីវកម្ម សេវាកម្ម តាមទីផ្សារ បុរី និងតាមលំនៅដ្ឋាន និងនៅតាមទីធ្លាសាធារណៈនានាដើម្បីរក្សាអនាម័យបរិស្ថានឱ្យបានស្អាតល្អ និងធ្វើឱ្យសុខុមាលភាពសាធារណៈកាន់តែល្អប្រសើរ ពលរដ្ឋមានសុខភាពល្អ លំនៅដ្ឋាន កន្លែងការងារ និងទីក្រុង សហគមន៍របស់យើងមានសោភ័ណភាពស្អាត»។ នេះគឺជាការអំពាវនាវរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាននៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨នេះ ដោយលោកបានលើកឡើងថា «ពីមួយឆ្នាំទៅមួយឆ្នាំ សំរាមនៅក្នុងប្រទេសកម្ពុជាមានការកើនឡើងប្រមាណ ១០%ក្នុងមួយឆ្នាំ ដោយសារកំណើនប្រជាជន ការផ្លាស់ប្តូររបៀបនៃការរស់នៅ និងការវេចខ្ចប់ទំនិញប្រើប្រាស់ប្រចាំថ្ងៃ ហើយការយល់ដឹងពីការញែកសំរាមតាមប្រភេទសំរាមស្របតាមគោលការណ៍បច្ចេកទេសនៅមានកម្រិតនៅឡើយ»។

លោករដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៧ កន្លងទៅនេះ តាមការប៉ាន់ប្រមាណ នៅទូទាំងប្រទេសកម្ពុជា បរិមាណសំរាម សំណល់រឹងទីប្រជុំជន ដែលបានបង្កើត គឺប្រហែលជាង៣,៦៥ លានតោន ឬប្រមាណជាង១ម៉ឺន តោនក្នុងមួយថ្ងៃ ដែលនៅក្នុងនោះ នៅរាជធានីភ្នំពេញ មានប្រមាណជិត៣ពាន់តោនក្នុងមួយថ្ងៃ នៅក្រុងសៀមរាម សំរាមដែលត្រូវបានបង្កើតឡើងមាន ប្រមាណជិត៣៥០ទៅ៤០០តោន នៅក្នុងមួយថ្ងៃ និងនៅក្រុងព្រះសីហនុ មានប្រមាណពី ៦០០ ទៅ៦៥០ តោននៅក្នុងមួយថ្ងៃ។ លោករដ្ឋលេខាធិការបានមានប្រសាសន៍ថាបច្ចុប្បន្ននេះការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជននៅទូទាំងប្រទេសមានភាពល្អប្រសើរជាងមុន ប៉ុន្តែមិនទាន់បានឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងនៃបរិមាណសំណល់ដែលបានបង្កើតឡើង និងមានកំណើនជារៀងរាល់ថ្ងៃនេះទេ ជាពិសេសការប្រមូលដឹកជញ្ជូន និងការទុកដាក់ចុងក្រោយ។

តាមការគូសបញ្ជាក់របស់លោករដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បរិមាណសំណល់រឹងសំរាមប្រហែល ៤១% (១,៥ លាន តោន/ឆ្នាំ)  នៃបរិមាណសំណល់សរុប ត្រូវបានប្រមូលយកទៅដាក់នៅទីលាន និងប្រហែល ១១% (៤០ ម៉ឺន តោន/ឆ្នាំ) នៃបរិមាណសំណល់សរុប ត្រូវបានប្រមូលទិញសម្រាប់ធ្វើការកែច្នៃ ហើយបរិមាណសំណល់ដែលនៅសល់ប្រមាណជា ៤៨% ត្រូវបានដុត ឬបោះចោលតាមទីសាធារណៈ និងប្រភពទឹកនានា ក្នុងខណៈពេលដែលការសិក្សាបង្ហាញថា សំណល់រឹងដែលអាចកែច្នៃបានគ្រប់ប្រភេទមានប្រហែលជាពី ៧០-៨០% នៃបរិមាណសំណល់សរុប។ ដោយឡែក នៅរាជធានីភ្នំពេញ និងក្រុងធំៗ បរិមាណសំណល់ប្រហែលពី ៧០% ទៅ៨០% នៃបរិមាណសំណល់សរុប ត្រូវប្រមូលទៅដាក់នៅទីលាន និងសម្រាប់ការកែច្នៃ។

ជាមួយគ្នានេះ លោក នេត្រ ភក្ត្រា បានថ្លែងថា៖ «ការគ្រប់គ្រងសំណល់រឹង សំរាមគឺជាកាតព្វកិច្ច
របស់យើងទាំងអស់គ្នា។ សូមបងប្អូនប្រជាពលរដ្ឋចាត់ទុកទីក្រុងទីប្រជុំជន និងកន្លែងផ្សេងៗទៀតដែលបង ប្អូនរស់នៅ កំពុងធ្វើការ និងកំពុងធ្វើអាជីវកម្មថាជាផ្ទះរបស់បងប្អូនដែលចាំបាច់ត្រូវតែបោសសម្អាតជាប្រចាំ ដើម្បីរក្សាសោភ័ណភាព និងលើកតម្កើងសុខុមាលភាពសាធារណៈ»។ លោកបន្ថែមថា ការវេចខ្ចប់និងទុកដាក់សំរាម មិនត្រឹមត្រូវ បោះចោលសំរាមអនាធិបតេយ្យនៅតាមទីសាធារណៈ និងតាមបណ្តោយផ្លូវនា នានឹងនាំឱ្យមានផលវិបាកជាច្រើនដូចជាការធ្វើឱ្យស្ទះប្រព័ន្ធបង្ហូរទឹកលូដែលបង្កឱ្យ មានជំនន់ពេលរដូវភ្លៀង ធ្វើឱ្យបាត់បង់សោភ័ពភាពទីក្រុង និងទីប្រជុំជន ជាជម្រកមេរោគ និងបង្កជាតិពុលថែមទៀតផង។ នៅចំពោះមុខនៃការកើនឡើងនៃសំរាមនេះ លោករដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានស្នើសុំឱ្យគ្រប់ភាគីទាំងអស់ត្រូវរួមសហការគ្នាសម្អាតអនាម័យបរិស្ថាន និងធ្វើការវេចខ្ចប់ និងញែកសំរាមឱ្យបានត្រឹមត្រូវ និងមិនត្រូវមើលបំណាំគ្នានោះទេ ព្រោះប្រសិនកម្ពុជាជាផ្ទះរបស់យើងទាំងអស់គ្នាដែលត្រូវបោសសម្អាត និងថែរក្សាអនាម័យបរិស្ថានឱ្យល្អ និងធ្វើឱ្យបរិស្ថាននៅកម្ពុជាមាននិរន្តរភាព ប្រកបដោយគុណភាព។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមបន្តយកចិត្តទុកដាក់សម្អាតអនាម័យបរិស្ថានជុំវិញខ្លួន និងសូមចូលរួមថែរក្សាអនាម័យបរិស្ថាននៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលាទាំងអស់។ ទន្ទឹមនឹងនេះ លោកបានឱ្យដឹងថា ក្រសួងបរិស្ថានបន្តនិងពង្រឹងការអនុវត្តលិខិតបទដ្ឋាននានាស្តីពីការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជនដើម្បីពង្រឹងការទទួលខុសត្រូវរបស់ក្រសួងស្ថាប័ន និងអ្នកពាក់ព័ន្ធនានា ហើយក្រសួងនឹងតាមដានក៏ដូចជាពង្រឹងការអនុវត្តមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនដែលបានប្រគល់ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ។ ក្រសួងបរិស្ថានក៏ជំរុញនិងលើកទឹកចិត្តដល់ការកែច្នៃសំរាម និងសំណល់ប្លាស្ទិកនៅក្នុងស្រុក។ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានថ្លែងថា គុណភាព និងនិរន្តរភាពបរិស្ថាន នៅក្នុងប្រទេសកម្ពុជាត្រូវបានធានា គឺចាំបាច់ត្រូវមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ ព្រោះបរិស្ថានគឺជាបញ្ហារបស់យើ់ងទាំងអស់គ្នាហើយសំរាមគឺជាក្តីកង្វល់រួម។ ហេតុដូច្នេះហើយបានជាត្រូវ រួមគ្នាធ្វើអនាម័យបរិស្ថាន និងគ្រប់គ្រងសំណល់រឹងសំរាមដែលយើងទាំងអស់គ្នាបង្កើតឱ្យបានល្អត្រឹមត្រូវ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner