អភិបាលខេត្តមណ្ឌលគិរីជំរុញដល់ទីចាត់ការធនធានមនុស្សរៀបចំដំឡើងកាំឋានន្តរស័ក្តិដល់មន្រ្តីរាជការ និងគិតគូរដល់មន្រ្តីដែលចូលនិវត្តន៍

ខេត្តមណ្ឌលគិរី៖ ថ្លែងនៅក្នុងពីធីជួបសំណេះសំណាលជាមួយមន្រ្តីរាជការចំណុះឲ្យរដ្ឋបាលសាលាខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ម្សិលមិញនេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ជំរុញដល់ទីចាត់ការធនធាននុស្ស ត្រូវធ្វើបច្ចុប្បន្នភាពឲ្យបានត្រឹមត្រូវទៅលើមន្រ្តីដែលសកម្ម រៀបចំដំឡើងកាំឋានន្តរស័ក្តិ ប័ណ្ណសរសើរ និងមេដៃការងារ ដើម្បីលើកទឹកចិត្តដល់មន្រ្តីរាជការដែលបានបំពេញការងាររបស់ខ្លួនក្នុងការងាររដ្ឋបាលសាលាខេត្តបានល្អ ជាពិសេសមន្រ្តីរាជការដែលកន្លងមកពុំបានទទួលនូវប័ណ្ណសសើរ និងមេដៃការងារពីថ្នាក់ដឹកនាំ។ ទន្ទឹមនោះ សូមឲ្យមន្រ្តីរាជការដែលត្រូវបានតែងតាំងដំឡើងឋានន្តរស័ក្តិពីថ្នាក់ដឹកនាំនាពេលកន្លងមក  ត្រូវខិតខំយកចិត្តទុកដាក់បន្តការអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អប្រសើរ និងសកម្មបន្តទៅទៀត ពីព្រោះរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានជំរុញការដំឡើងប្រាក់បៀរវត្សជូនដល់មន្រ្តីរាជការជាបន្តបន្ទាប់។

ឯកឧត្តមអភិបាលបានបន្តថា មិនតែប៉ុណ្ណោះ ទីចាត់ការធនធានមនុស្ស សូមមេត្តាគិតគូរឲ្យបានត្រឹមត្រូវទៅតាមគោលការណ៏ណែនាំរបស់រាជរដ្ឋាភិបាល ចំពោះមន្រ្តីដែលចូលនិវត្តន៍ ដោយគិតទៅតាមអតីតភាពការងារ ជៀសវាងការបាត់បង់ថវិការបស់មន្រ្តីដែលចូលនិវត្តន៍។

ក្នុងពិធីជួបសំណេះសំណាលជាមួយមន្រ្តីរាជការសាលាខេត្តមណ្ឌលគិរី ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ដល់មន្រ្តីរាជការចំណុះឲ្យរដ្ឋបាលសាលាខេត្តក្នុងមួយនាក់ៗទទួលបានថវិកាចំនួនប្រាំម៉ឺនរៀលផងដែរ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner