ពលរដ្ឋស្រុកកំពង់សិលាចំនួន៤០០គ្រួសារ ទទួលអំណោយមុងជ្រលក់ថ្នាំការពារមូសពីសាខាកាកកបាទក្រហមខេត្តព្រះសីហនុ
ក្រុមពលរដ្ឋទាំង៤០០គ្រួសារខាងលើនេះ មកពីឃុំស្ទឹងឆាយចំនួន១១៣គ្រួសារ និងមកពីឃុំកំពង់សិលាចំនួន២៨៧គ្រួសារ។
មន្រ្តីសាខាកាកបាទក្រហមខេត្តព្រះសីហនុ ប្រាប់ថា ការចែកលើកនេះមិនមែនចែកស្បៀងអាហារទេ គឺយើងចែកមុងជ្រលក់ថ្នាំការពារមូស និងសត្វល្អិតចង្រៃផ្សេងៗដើម្បីការពារជំងឺដែលចម្លងដោយមូស ឬសត្វល្អិត។ ក្រៅពីនោះក៏មានចែកជូនអាវផងដែរ ដែលអំណោយទាំងនោះជាការឧបត្ថម្ភពីកាកបាទក្រហមខេត្តក្វាងស៊ី ប្រទេសចិន។ ជាមួយគ្នានេះ កាកបាទក្រហមខេត្ត និងសាលាខេត្តព្រះសីហនុ បានរួមគ្នាឧបត្ថមថវិកាម្នាក់៤០០០០៛ផងដែរ។
ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ និងជាប្រធានកិតិ្តយសសាខាកាកបាទក្រហមខេត្ត បានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម និងអំពាវនាវឲ្យពលរដ្ឋចេះថែរក្សាសុខភាពដេកត្រូវដាក់មុង ឲ្យបានត្រឹមត្រូវ ដើម្បីកុំឲ្យមូសខាំខ្លាចមានជំងឺឆ្លង។ ទន្ទឹមនោះឯកឧត្តមបានក្រើនរំលឹកឲ្យមន្ត្រីតាមមូលដ្ឋានត្រូវយកចិត្តទុកដាក់មើលសុខទុក្ខប្រជាជន និងជួយគាត់ឲ្យបានទាន់ពេលវេលាក្នុងគ្រាមានអាសន្ន៕