គ្រោះរញ្ជួយដីដ៏កក្រើក និងរលកយក្សស៊ូណាមិ ផ្តាច់ជីវិតមនុស្សកើនដល់៨៣២នាក់នៅប្រទេសឥណ្ឌូនេសុី
ឥណ្ឌូនេសុី៖ ចំនួនមនុស្សបាត់បង់ជីវិត ដោយសារតែការវាយប្រហារដោយគ្រោះរញ្ជួយដីដ៏មានឥទ្ធិពល បូករួមជាមួយរលកយក្ស នៅ លើ កោះ Sulawesi នៃប្រទេសឥណ្ឌូណេស៊ី បានកើនដល់៨៣២នាក់ហើយ ខណៈក្រុមជួយសង្រ្គោះ កំពុងខ្នះខ្នែងជាទីបំផុត ដើម្បី តាម ស្វែងរកជនដែលអាចនៅរស់រានមានជីវិត ព្រមទាំងសាកសពអ្នកដែលស្លាប់ នៅតាមតំបន់នានា ដែលរងការវាយប្រហារ ។
រយៈពេលពីរថ្ងៃបានកន្លងផុតទៅ ក្រោយគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.៥រ៉ិចទ័រ (ពីដំបូង ៧.៧រ៉ិចទ័រ) បានវាយប្រហារលើកោះ Sulawei និង បង្កជារលកយក្សយ៉ាងកក្រើកនោះ ចំនួនមនុស្សស្លាប់នៅតែបន្តកើនឡើងយ៉ាងគំហុក ហើយ សាកសពជាច្រើនទៀត ត្រូវអាជ្ញាធររំពឹង ថានឹងរកឃើញជាបន្តបន្ទាប់ ខណៈ តួលេខនេះ ត្រូវ អនុប្រធានាធិបតីឥណ្ឌូណេស៊ី បង្ហើបឲ្យដឹងថា អាចឈានដល់ខ្ទង់រាប់ពាន់នាក់ ថែម ទៀតផង។
បើតាមអ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី ប្រជាជនប្រមាណ២.៤លាននាក់ ត្រូវគេប៉ាន់ស្មានថា បានទទួល រងផលប៉ះពាល់ដោយសារតែគ្រោះធម្មជាតិដ៏អាក្រក់នេះ។ ទន្ទឹមនឹងនេះ មនុស្សរាប់រយនាក់ទៀត បានរងរបួស និងយ៉ាងតិច ប្រហែល ១៧,០០០នាក់ បានបាត់បង់ផ្ទះសម្បែងរបស់ពួកគេ។ ជាមួយគ្នានេះដែរ ទំហំទាំងស្រុងនៃការបំផ្លិចបំផ្លាញ ដោយសារ គ្រោះរញ្ជួយដី នេះ នៅមិនទាន់អាចកំណត់ច្បាស់លាស់នៅឡើយទេ ខណៈ ប្រព័ន្ធអគ្គិសនី និងទំនាក់ទំនងត្រូវបានកាត់ផ្តាច់ ហើយ ផ្លូវថ្នល់ក៏ត្រូវ ខូច ខាតទៀតនោះ ជាហេតុបង្កផលលំបាកខ្លាំងក្នុងការវាយតម្លៃទៅលើទំហំខូចខាត។
គួរជម្រាបថា កាលពីថ្ងៃសុក្រកន្លងទៅ រលកយក្សស៊ូណាមិ បានបោកសង្រ្គប់ទៅលើ ទីក្រុង Palu និងតំបន់ក្បែរខាងដទៃទៀត នៃកោះ Sulaweisi ពីព្រោះវាត្រូវបានមើលរលងដោយ ទីភ្នាក់ងារជំនាញរបស់ឥណ្ឌូណេស៊ី ដែលបានសម្រេចដកការព្រមានពីរលកយក្ស វិញ ត្រឹមពេល៣៤នាទីប៉ុណ្ណោះ ក្រោយមានការវាយប្រហារពីរញ្ជួយដីកម្រិត ៧.៥រ៉ិចទ័រ៕