រថយន្តHILUX-Vigoពាក់ស្លាកលេខព្រះសីហនុ 2A-9777បើកបុកម៉ូតូហុងដាឌ្រីម បណ្តាលឲ្យបុរសម្នាក់ស្លាប់
រាជធានីភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតកណ្ដាលផ្លូវយ៉ាងអាណោចអធម៌ ក្រោយពីរថយន្តHILUX-Vigoមួយគ្រឿងបើកបរក្នុងល្បឿនលឿនហើយជ្រុលទៅបុកម៉ូតូជនរងគ្រោះពីក្រោយយ៉ាងពេញទំហឹង កាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃច័ន្ទ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវលេខR6 (បឹងកក់) ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនរងគ្រោះដែលស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ មានឈ្មោះ សំ ស៊ាត ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិស្រែឬស្សី ឃុំអំពិល ស្រុលរមាសហែក ខេត្តស្វាយរៀង។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GD-5850 បានធ្វើដំណើរតាមបណ្តោយផ្លូវលេខR៨ ទិសដៅពីកើតទៅលិច ខណះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាកHILUX-Vigo មួយគ្រឿង ពណ៌ទឹកមាស ពាក់ស្លាកលេខ ព្រះសីហនុ 2A-9777 បើកបរស្របទិសដៅគ្នាជាមួយម៉ូតូ ហើយបានបុកម៉ូតូពីក្រោយរថយន្តយ៉ាងពេញទំហឹង បណ្តាលឲ្យបុរសរងគ្រោះស្លាប់យ៉ាងអាណោចអធម៌ ឯរថយន្តបង្កវិញបានព្យាយាមបើកគេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ។
ក្រោយមក សមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកន្លែងកើតហេតុ និងធ្វើការវាស់វែងយកម៉ូតូរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននករបាលខណ្ឌដូនពេញ រងចាំប្រគល់ឲ្យសាច់ញាតិចាត់ចែងតាមក្រោយ ៕