ខេត្តមណ្ឌលគិរី រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីការផ្សព្វផ្សាយអនុក្រឹត្យ និងសេចក្តីណែនាំផ្សេងៗរបស់ក្រសួងមុខងារសាធារណៈជូនដល់មន្រ្តីរាជការស៊ីវិល និងមន្រ្តីការិយាល័យជំនាញនានាក្នុងខេត្ត
មណ្ឌលគិរី៖ ក្រសួងមុខងារសាធារណៈ បានផ្សព្វផ្សាយអនុក្រឹត្យលេខ២៤០ អនក្រ.បក ស្តីពីការប្រតិភូកម្មសិទ្ធិអំណាចទៅឱ្យគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ក្នុងការគ្រប់គ្រងបុគ្គលិកបំពេញការងារនៅថ្នាក់ក្រោមជាតិ និងសេចក្ដីណែនាំលេខ៧៨៨ មស.សណន ស្ដីពីគោលការណ៍ និងនីតិវិធី នៃការតែងតាំង និងការបញ្ចប់មុខតំណែងគ្រប់គ្រងរបស់មន្រ្តីរាជការស៊ីវិល នៃមន្ទីរអង្គភាព និងការិយាល័យជំនាញនានា នៃក្រសួងដែលបានបំពេញ និងសេចក្ដីណែនាំលេខ៧៨៩ មស.សណន ស្ដីពីគោលការណ៍ បែបបទ និងនីតិវិធី នៃការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតី ឯកឧត្ដម ថោ សេដ្ឋាណា អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ឯកឧត្ដម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត នៅអគារប្រជុំក្រុមប្រឹក្សាខេត្ត នាព្រឹកកថ្ងៃអង្ការ៍ ០២រោច ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។
ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្ត បានមានប្រសាសន៍ថា ការបើកវគ្គបណ្តុះបណ្តាលនាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់រដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរអង្គភាព និងអាជ្ញាធរក្រុង/ស្រុក រួមទាំងមន្រ្តីការិយាល័យជំនាញ បានយល់ដឹងកាន់តែច្បាស់ស្តីពីគោលការណ៍ បែបបទ និងនីតិវិធីការគ្រប់គ្រងបុគ្គលិកនៅថ្នាក់ក្រោមជាតិ។ ឯកឧត្ដម ក៏បានសូមណូមមពរដល់លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង/ស្រុក និងមន្ត្រីការិយាល័យជំនាញទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ស្វែងយល់ឲ្យបានស៊ីជម្រៅនូវខ្លឹមសារ និងអត្ថន័យនីមួយៗ ដើម្បីយកទៅអនុវត្តឱ្យមានប្រសិទ្ធភាព។
ឯកឧត្ដម ថោ សេដ្ឋាណា អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា ដើម្បីអនុវត្តន៍នូវយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមុខងារសាធារណៈ បានអនុវត្តយ៉ាងសកម្មលើការកែកំណែទម្រង់ចំនួនបី ទី១. កំណែទម្រង់រដ្ឋបាលសាធារណៈ ទី២. កំណែទម្រង់ការគ្រប់គ្រងហិញ្ញវត្ថុសាធារណៈ និងទី៣ កំណែទម្រង់វិមជ្ឈឹមការ និងវិសហមជ្ឈឹមការ។
ឯកឧត្ដម បានបញ្ជាក់ទៀតថា ដូច្នេះ ការផ្សព្វផ្សាយអនុក្រឹត្យ និងសេចក្តីណែនាំផ្សេងៗ គឺដើម្បីឱ្យបុគ្គលិកបំពេញការងារនៅថ្នាក់ក្រោមជាតិ ដើម្បីធានាឱ្យការអនុវត្តប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព សមធម៌ យុត្តិធម៌ និងស្របតាមច្បាប់ស្តីពីលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា និងលិខិតបទដ្ឋានគិតិយុត្តពាក់ព័ន្ធនានាផងដែរ៕