បារីក្លែងក្លាយ និងសម្ភារវេចខ្ចប់ ទម្ងន់ប្រមាណ៣៥តោន ត្រូវសមត្ថកិច្ចបង្ក្រាប និងរឹបអូសបាន
កណ្តាល៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដឹកនាំដោយលោក ឡុង ស្រេង អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃ ស្នងការនគរបាលខេត្តកណ្តាល កម្លាំងនគរបាលមូលដ្ឋាន និងមានសម្របសម្របសម្រួលពីលោក ឯក ស៊ុនរស្មី ព្រះអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល កាលពីរសៀល ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១៨នេះ បានចុះធ្វើការបង្ក្រាប ទីតាំងស្តុក និងផលិតបារីក្លែង ក្លាយមួយកន្លែងនៅចំណុចភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ធ្វើការដកហូតថ្នាំជក់ និងសម្ភារវេចខ្ចប់ទម្ងន់ប្រមាណ៣៥តោន។
លោក ឡុង ស្រេង បានប្រាប់ឱ្យដឹងថា នៅក្នុងកិច្ចសហប្រតិបត្តិការបង្ក្រាបនេះ កម្លាំងយើងបាន រកឃើញសម្ភារសម្រាប់ផលិតនិងវេចខ្ចប់បារីម៉ាក ESSE ចំនួនប្រមាណ១២តោន និងថ្នាំជក់ ព្រមទាំងបារីដែលផលិតរួចរាល់ហើយសរុបប្រមាណ២៣តោន។ លោកបន្តថា កិច្ចសហប្រតិបត្តិការបង្ក្រាបនេះ គឺធ្វើឡើងដោយយោងទៅតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុនខ្មែរ ធីបថប អ៊ីមិច ។ យ៉ាងណាក៏ដោយរហូតមកដល់ល្ងាចថ្ងៃដដែលនេះ សមត្ថកិច្ចមិនទាន់បានបង្ហាញថា ម្ចាស់ទីតាំងមានឈ្មោះអ្វីនៅឡើយនោះទេ ៕