សម្តេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយប្រទេសកម្ពុជាលើគ្រប់វិស័យ ពិសេសនាពេលថ្មីៗនេះរដ្ឋាភិបាលជប៉ុនបានជួយផ្តល់នូវសម្ភារៈជាច្រើនសម្រាប់ទប់ស្កាត់ និងព្យាបាលមេរោគកូវិដ១៩
ភ្នំពេញ៖ ថ្លែងនៅក្នុងកិច្ចជំនួបពិភាក្សាជាមួយ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ប្រទេសកម្ពុជាពិតជាថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលបានជួយដល់កម្ពុជាគ្រប់កាលៈទេសះ ហើយការជួយនេះគឺបញ្ចាក់ឲ្យឃើញនូវទំនាក់ទំនងដ៏ល្អ រវាងប្រទេសទាំងពីរនោះ។
សម្តេចបានលើកឡើងទៀតថា ថ្វីត្បិតតែបច្ចុប្បន្នប្រទេសកម្ពុជា និងប្រទេសជប៉ុន ក៏ដូចជាបណ្តាប្រទេសនៅទូទាំងពិភពលោកកំពុងតែជួបវិបត្តិមេរោគកូវិដ១៩ក្តី ក៏ប៉ុន្តែទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និង ជប៉ុននៅតែបន្ត ហើយជាងនេះទៅទៀតជប៉ុននៅតែជួយដល់កម្ពុជាដដែលបើទោះបីមានបញ្ហានៃមេតរោគកូវិដ១៩ក៏ដោយនោះ។
នៅក្នុងកិច្ចជំនួបនោះដែរ ឯកឧត្តមមិកាមិ ម៉ាសាហ៊ីរ៉ូ ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល កម្ពុជា ជាពិសេសក្រសួងមហាផ្ទៃ ដែលបានជួយសម្របសម្រួលដល់ប្រជាជន និងអ្នកវិនិយោគជប៉ុន ដែលកំពុងរស់នៅ និងរកស៊ីនៅប្រទេសកម្ពុជាជារៀងរហូតមក ដោយពួកគេបានរស់នៅប្រកបដោយសុវត្ថិភាព និងមានសេចក្តីសុខនោះ។
ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ កម្ពុជានៅតែមិត្តល្អជាមួយជប៉ុនជានិច្ចនិង ហើយទំនាក់ទំនងនេះនឹងកាន់ តែល្អប្រសើបន្ថែមទៀតពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជន និងប្រទេស ទាំងពីរនោះ។
សូមបញ្ជាក់ថា ប្រទេសជប៉ុនគឺជាប្រទេសទីពីរ ដែលបានជួយដល់ប្រទេសកម្ពុជា បន្ទាប់ប្រទេសមហាយក្សចិន។ ដែលជំនួយទាំងនោះភាគច្រើនគឺលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ វិស័យអប់រំ សុខាភិបាល កសិកម្ម និងវិស័យជាច្រើនទៀត៕