ប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់ ត្រូវសមត្ថកិច្ចថៃចាប់បញ្ជូនជូនអោយអាជ្ញាធរកម្ពុជា
ប្រជាពលរដ្ឋខេត្តសៀមរាបដែលបានឆ្លងដែនខុសច្បាប់ចំនួន២២នាក់ ត្រូវបានសមត្ថកិច្ចការពារព្រំដែនប្រទេសថៃ ចាប់បញ្ជូនឲ្យសមត្ថកិច្ចអាជ្ញាធរកម្ពុជានៅប្រចាំច្រកអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ហើយនៅរសៀលថ្ងៃដដែលនេះដែរលោកជំទាវ យូ សុភា អភិបាលរងខេត្តសៀមរាប និង ជាគណៈកម្មការទទួលប្រជាពលករមកពីក្រៅប្រទេស ដឹកនាំប្រតិភូទៅទទួលយកបងប្អូនទាំង២២នាក់ វិលត្រឡប់មកកាន់ខេត្តសៀមរាប ក្នុងនោះក៏មានវត្តមានរបស់លោកអភិបាលស្រុកអូរជ្រៅចូលរួមផងដែរ ។ តាមការបញ្ជាក់របស់កម្លាំងសមត្ថកិច្ច និងក្រុមការងារទទួលពលករ ប្រចាំច្រកអូរបីជាន់បានឲ្យដឹងថា ប្រជាពលករ ទាំង២២នាក់ មានស្រី១០នាក់ ដែលបានលួចឆ្លងដែនដោយខុសច្បាប់ ទៅតាមរយៈមេខ្យល់ តាមច្រករបៀងក្នុងភូមិសាស្ត្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ចូលទៅប្រទេសថៃ កាលពីយប់ថ្ងៃទី២២ មិថុនា ហើយត្រូវបានកម្លាំងសមត្ថកិច្ចការពារព្រំដែនថៃ បានចាប់ និងបញ្ជូនឲ្យកម្លាំងសមត្ថកិច្ចប្រចាំការច្រកអូរបីជាន់ កាលពីព្រឹកថ្ងៃទី២៣ មិថុនា ហើយក៏ត្រូវធ្វើការ ប្រគល់ឲ្យអាជ្ញាធរខេត្តសៀមរាបផងដែរ ។
លោកជំទាវ យូ សុភា ក៏បានធ្វើការថ្លែងអំណរគុណដល់អាជ្ញាធរស្រុកអូរជ្រៅ និងបងប្អូនកម្លាំងសមត្ថកិច្ចប្រចាំច្រកអូរបីជាន់ រួមទាំងអង្គការសង្គមស៊ីវិល ដែលបានយកចិត្តទុកដាក់ពីសុវត្ថិភាពសន្តិសុខ និងផ្គត់ផ្គង់ អាហារដល់បងប្អូនប្រជាពលរដ្ឋដែលបានវិលត្រឡប់មកពីក្រៅប្រទេស រួមទាំងប្រជាពលករឆ្លងដែនខុសច្បាប់ ក្នុងពេលនៅលើពិភពលោក ក៏ដូចប្រទេសជិតខាង និងនៅកម្ពុជា ដែលកំពុងជួបនូវវិបត្តិនៃជម្ងឺកូវិដ១៩ សំខាន់នោះប្រទេសជិតខាងកម្ពុជា បានកំពុងតែប្រកាស ដាក់ប្រទេសក្នុងគ្រាអាសន្ននៅឡើយ ។ ក្នុងនោះដែរលោកជំទាវក៏បានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចាញ់បោកមេខ្យល់ឲ្យចូលទៅធ្វើការងារនៅប្រទេសជិតខាងដោយខុសច្បាប់ ក្នុងគ្រាប្រទេសជិតខាងយើង បានដាក់ប្រទេសក្នុងគ្រាអាសន្ននៅឡើយ ។ ក្នុងដែរលោកអភិបាលស្រុកអូរជ្រៅ ក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគ ប្រគល់ជូនដល់បងប្អូន កម្លាំងសមត្ថកិច្ចប្រចាំការនៅច្រកអូរបីជាន់ នូវអង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកា ២លានរៀលផងដែរ ។ ក្នុងរសៀលថ្ងៃដដែលលោកជំទាវ យូ សុភា ក៏បានបន្តដំណើរទៅទទួលបងប្អូននិសិ្សត ចំនួន១៦នាក់ ដែល បានវិលត្រឡប់មកពីការធ្វើកម្មសិក្សានៅតាមរោងចក្ររបស់ក្រុមហ៊ុន នៃព្រះរាជាណាចក្រថៃ តាមច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ លោកនាយករងនៃសាលាវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោ សែន សៀមរាប បានឲ្យដឹងថា ក្រុមនិសិ្សតទាំង១៦នាក់នេះ បានទៅធ្វើកម្មសិក្សានៅតាមរោងចក្រ នៃប្រទេសថៃ ចាប់តាំងពីខែកុម្ភះ ឆ្នាំ២០២០ ហើយដល់ពេលផ្ទុះនូវវិបត្តិជម្ងឺកូវិដ១៩ ត្រូវបានប្រទេសថៃប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន បានធ្វើឲ្យខកខាតដល់ក្រុមនិសិ្សតទាំងមិនអាចវិលត្រឡប់មកកាន់មាតុប្រទេសវិញបានឡើយ ។ តាមការបញ្ជាក់របស់លោកជំទាវ យូ សុភា ថា បងប្អូនដែលបានវិលត្រឡប់មកពីក្រៅប្រទេស ក៏ដូចបងប្អូនដែលបានឆ្លងដែនខុសច្បាប់ អាជ្ញាធរខេត្តបានយករថយន្តរបស់តំបន់ប្រតិបត្តិការសឹករងសៀមរាប មកដឹកជញ្ជូនយកទៅដាក់មណ្ឌលចត្តាឡីស័កនៅសាលាគរុកិសល្យខេត្តសៀមរាប ដើមី្បធ្វើការត្រួតពិនិត្យសុខភាព និងដាក់ឲ្យនៅដាច់ដោយឡែកក្នុងរយៈពេល១៤ថ្ងៃ មុននឹងចូលទៅដល់លំនៅដ្ឋានជួបជុំក្រុមគ្រួសារខ្លួន ៕ ម៉ី សុខារិទ្ធ