គ.ជ.ប.៖ ភ្នាក់ងារគណបក្សនយោបាយជិត៨ម៉ឺននាក់ ត្រូវបានអនុញ្ញាតឲ្យចូលរួមសង្កេតមើលការបោះឆ្នោត

អត្ថបទដោយ៖
Kien Sereyvuth

ភ្នាក់ងារគណបក្សនយោបាយជិត៨ម៉ឺននាក់ គ្រោងនឹងចូលរួមសង្កេតការណ៍ដំណើរការបោះឆ្នោត នីតិកាលទី៦។ យោងតាមគណៈកម្មាធិការជាតិរៀបចំការដោះឆ្នោត គិតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត បានអនុញ្ញាតឱ្យភ្នាក់ងារគណបក្សនយោបាយសរុប៧ម៉ឺន៩ពាន់៧៨១នាក់ ក្នុងនោះមានភ្នាក់ងារពេញសិទ្ធិ ចំនួន៥ម៉ឺន១ពាន់៥០៦នាក់ និងភ្នាក់ងារបម្រុងចំនួន ២ម៉ឺន៨ពាន់២៧៥នាក់ ចូលរួមសង្កេតមើលការបោះឆ្នោត នៅចុងខែកក្កដានេះ។

គ.ជ.ប. បានឱ្យដឹងថា ក្នុងចំណោមគណបក្សនយោបាយទាំង២០ មានគណបក្សនយោបាយចំនួន៦ មិនបានដាក់ភ្នាក់ងារគណបក្សនយោបាយ នៅតាមការិយាល័យបោះឆ្នោតនោះទេ។ គណបក្សទាំង៦រួមមានគណបក្សពន្លឺថ្មី គណបក្សខ្មែរក្រោក គណបក្សខ្មែរឈប់ក្រ គណបក្សខ្មែរសាធារណរដ្ឋ គណបក្សធម្មាធិបតេយ្យ និងគណបក្សឆន្ទៈខ្មែរ។ 

បើតាមគ.ជ.ប. ការដាក់ភ្នាក់ងារគណបក្សនយោបាយ ដើម្បីចូលរួមសង្កេតការណ៍ ដំណើរការបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត គឺជាសិទ្ធិរបស់គណបក្សនយោបាយ។ គ.ជ.ប. បានបញ្ជាក់ថា ការសម្រេចដាក់ ឬមិនដាក់ភ្នាក់ងារគណបក្ស នយោបាយ គឺអាស្រ័យទៅលើលទ្ធភាពរបស់គណបក្ស នយោបាយនីមួយៗ។

ទោះបីជាអវត្តមានភ្នាក់ងារគណបក្សនយោបាយមួយចំនួនក៏ដោយ ក៏នៅមានគណបក្សនយោបាយច្រើនផ្សេងទៀត បានដាក់ភ្នាក់ងាររបស់ខ្លួន ដើម្បីចូលរួមសង្កេតដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ នៅគ្រប់ការិយាល័យបោះឆ្នោត៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner