សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បន្តផ្សព្វផ្សាយពីជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋនៅស្រុកចន្ទ្រា
ស្វាយរៀង៖ នៅថ្ងៃពុធ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២០ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយ លោក សរ វណ្ណា នាយកសាខា សហការជាមួយអនុសាខាកាកបាទក្រហមកម្ពុជាស្រុកចន្ទ្រា និងអ្នកស្ម័គ្រចិត្តភូមិ ឃុំ បានបន្តចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងបង្រៀនពីរបៀបលាងសម្អាតដៃឱ្យបានត្រឹមត្រូវ និងផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាលដោយប្រដាប់បំពងសម្លេងតាមម៉ូតូ ចែកសាប៊ូ ម៉ាស ព្រមទាំងបិទខិតប័ណ្ណផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ ១៩ តាមខ្នងផ្ទះ ចែកប័ណ្ណប្រកាសពីការធ្វើចំណាកស្រុកដោយសុវត្ថិភាព និងផ្សព្វផ្សាយបន្ថែមពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ពីសុវត្ថិភាពចរាចរណ៍ ដល់ប្រជាពលរដ្ឋចំនួន ២១០ នាក់ ស្រី ១៨៧ នាក់ស្មើនឹង ៤៧ ខ្នងផ្ទះ ស្ថិតនៅក្នុងភូមិបុស្ស និងភូមិដីក្រហម ឃុំមេសថ្ងក ស្រុកចន្ទ្រា ក្រោមការឧបត្ថម្ភថវិកាដោយសហព័ន្ធអន្តជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម (IFRC) ។
នាឱកាសនោះលោក សរ វណ្ណា បានជម្រាបជូនពីស្ថានការណ៍វិវត្តន៍ថ្មី នៃជំងឺកូវីដ១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងវិធានការទប់ស្កាត់ការរីករាលដាល ព្រមទាំងសូមឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តន៍វិធានការការពារ និងរក្សាអនាម័យ ជាពិសេស អនុវត្តន៍នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និងបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលកំពុងតែកើតមានទ្បើងនៅក្នុងប្រទេសយើង។
លោកនាយកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូបសូមអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖
១. លាងដៃឲ្យបានញឹកញាប់នឹងជាប្រចាំជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ
២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ
៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ
៤. ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់
៥. បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ
៦. ជៀសវាងប៉ះពាល់ជាមួយសត្វព្រៃរស់ ឬកន្លែងចិញ្ចឹមសត្វដោយគ្មានពាក់សម្ភារការពារខ្លួន។
សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទាក់ទងទៅលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ ៕