គណបក្សប្រជាជនកម្ពុជា ស្រុកគីរីវង្ស បើកយុទ្ធនាការឃោសនាបោះឆ្នោតទ្រង់ទ្រាយធំ ទទួលបានការស្វាគមន៍ អបអរសាទរ យ៉ាងកក់ក្តៅ ពីប្រជាពលរដ្ឋតាមបណ្តាភូមិទូទាំងស្រុក ដែលបង្ហាញពីមហាសាមគ្គីភាពនៃមូលដ្ឋានដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា
តាកែវ៖ ឯកឧត្តម សុខ សូកាន តំណាងរាស្រ្តមណ្ឌលខេត្តតាកែវ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកគិរីវង្ស និង ឯកឧត្តម ជីវ កេង បានដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាស្រុកគិរីវង្ស ហែក្បួនឃោសនាបើកយុទ្ធនាការរកសំឡេងឆ្នោត សម្រាប់នីតិកាលទី៦ ឆ្នាំ២០១៨ នៅស្រុកគិរីវង្ស នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨។ កម្មវិធីនេះ ក៏មានការចូលរួម និងសហការគ្នាយ៉ាងជិតស្និទ្ធពីសមាជិក សមាជិកា ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកគិរីវង្ស ឃុំទាំង១២ ព្រមទាំងប្រធានគណៈកម្មាធិការគណបក្សស្រុក និងឃុំផងដែរ។ ការហែក្បួនបើកយុទ្ធនាការឃោសនាបោះឆ្នោតទ្រង់ទ្រាយធំនេះ ធ្វើឡើងរយៈពេល១ថ្ងៃពេញចាប់តាំងពីពេលព្រឹករហូតដល់ម៉ោង ៧និង៣០នាទី យប់ ដោយបានគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត។ ក្បួនឃោសនាចែកចេញជា២ខ្សែ មានសមាជិក សមាជិកាចូលរួមប្រមាណជា៣០០០នាក់ ដោយខ្សែក្បួនទី១ ដឹកនាំដោយ ឯកឧត្តម សុខ សូកាន និងខ្សែទី២ ដឹកនាំដោយ ឯកឧត្តម ជីវ កេង។ ខ្សែក្បួនឃោសនាទាំង២ បានធ្វើដំណើរឆ្លងកាត់តាមបណ្តាភូមិនៃស្រុកគិរីវង្ស ដោយទទួលបានការឈរស្វាគមន៍ អបអរសាទរ ក្បួនឃោសនាយ៉ាងកក់ក្តៅតាមដងផ្លូវពីសំណាក់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋតាមភូមិនីមួយៗ ប្រកបដោយស្នាមញញឹម ភាពរួសរាយរាក់ទាក់ និងភាពស្និទ្ធស្នាលបំផុត ដែលជាការបង្ហាញពីមហាសាមគ្គីភាព ការស្រលាញ់គាំទ្រនិងការជឿជាក់មកលើគណបក្សប្រជាជនកម្ពុជា។ មុននឹងចាប់ផ្តើមហែក្បួនឃោសនាបោះឆ្នោត គណបក្សប្រជាជនកម្ពុជាស្រុកគិរីវង្ស និងប្រជាពលរដ្ឋទូទាំងស្រុកគិរីវង្ស បានជួបជុំគ្នានៅតាមសាខាបក្សភូមិ ស្នាក់ការបក្សឃុំ និងការិយាល័យបក្សស្រុក ដើម្បីស្តាប់ការថ្លែងសារនយោបាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
បន្ទាប់ពីបញ្ចប់ការថ្លែងសារនយោបាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឯកឧត្តម សុខ សូកាន បានសង្កត់ធ្ងន់ថា ការជួបជុំជាលក្ខណៈមហាគ្រួសារគណបក្សប្រជាជនកម្ពុជាស្រុកគិរីវង្សក្នុងឱកាសហែក្បួន បើកយុទ្ធនាការឃោសនាបោះឆ្នោតនេះ គឺជាការឆ្លុះបញ្ជាំងពី៖
– ឧត្តមភាពនិងភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជាស្រុកគិរីវង្សដែលជាស្រុកទទួលបានជ័យជម្នះឈានមុខគេជានិច្ចនៅរាល់ការបោះឆ្នោត ដែលជាមរតកស្នាដៃដ៏ថ្លៃថ្លារបស់សម្តេចវិបុលបញ្ញា សុខ អាន
– បង្ហាញពីស្មារតី សាមគ្គីភាពនិងភាតរភាព រវាងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាស្រុកគិរីវង្សដ៏រឹងមាំ
– និងបង្ហាញពីភក្តីភាពឥតងាករេរបស់សមាជិក សមាជិកា ស្រុកគិរីវង្ស ទាំងអស់ ចំពោះគណបក្សប្រជាជនកម្ពុជា
ឯកឧត្តម រួមទាំងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាស្រុកគិរីវង្ស ទាំងអស់ បានធ្វើការប្តេជ្ញាចិត្តយ៉ាងមោះមុត បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ដើម្បីបន្តគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់អាណត្តិទី៦ និងដើម្បីបន្តរក្សាកេរិ៍្តឈ្មោះស្រុកគិរីវង្សជាមូលដ្ឋានដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ដែលជាមរតកស្នាដៃដ៏ថ្លៃថ្លារបស់សម្តេចវិបុលបញ្ញា សុខ អាន។
ឯកឧត្តម សុខ សូកាន បានជូនពរដល់ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាស្រុកគិរីវង្សទាំងអស់ មានសុខសុវត្ថិភាពក្នុងពេលធ្វើដំណើរ និងទទួលបានជោគជ័យក្នុងការបំពេញបេសកកម្មដ៏ឧត្តុងឧត្តមដែលបក្សបានប្រគល់ជូនដើម្បីសន្តិភាព វឌ្ឍនភាព និងសេចក្តីថ្លៃថ្នូរជូនប្រជាជនខ្មែរគ្រប់រូប ។
គួររំលឹកផងដែវថា ខេត្តតាកែវ មានគណបក្សឈរឈ្មោះ ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី០៦ មានចំនួន១៨គណបក្សនយោបាយ នៅក្នុងលេខរៀងរបស់គណបក្សនយោបាយដែលឈរឈ្មោះ។ ដោយឡែកសម្រាប់ស្រុកគីរីវង្សមានគណបក្សចំនួន ០៦ ដែលបានឈរឈ្មោះ ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី០៦ ឆ្នាំ២០១៨នេះ រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សហ្វុនស៊ិនបិច គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សសញ្ជាតិកម្ពុជា គណបក្សមាតុភូមិយើង គណបក្សខ្មែរតែមួយ ប៉ុន្តែពុំមានការហែឃោសនាដូចគណបក្សប្រជាជនកម្ពុជានោះទេ គឺសកម្មភាពធម្មតា។ សម្រាប់ការរក្សាសន្តិសុខជូនគណបក្សនយោបាយក្នុងពេលយុទ្ធនាការឃោស រកសំឡេងគាំទ្រនៅតាមមូលដ្ឋានវិញ អាជ្ញាធរដែនដីបានបើកទូលាយដល់គណបក្សនយោបាយទំាងអស់ ដោយឈរការពារនៅតាមតំបន់គណបក្សនយោបាយបានហែ ដើម្បីរក្សាសន្តិសុខ សុវត្តិភាព នៅក្នុងយុទ្ធនាការនេះផងដែរ៕