រដ្ឋបាលខេត្តព្រះសីហនុ ព្រមានដល់ម្ចាស់ទីតាំងអាជីវកម្ម ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ បុរី និងអគារពាណិជ្ជកម្មណា ដែលមិនមានអាងចម្រោះទឹកកខ្វក់តាមលក្ខណៈស្តង់ដារបច្ចេកទេស

អត្ថបទដោយ៖
Kien Sereyvuth

នេះយោងតាមការបញ្ជាក់របស់ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារគ្រប់គ្រងប្រព័ន្ធ អូរ ប្រឡាយ លូ និងអាងប្រព្រឹត្តិកម្មចម្រោះទឹកកខ្វក់  កាលពីព្រឹកថ្ងៃសុក្រ ៩រោច ខែបឋមាសាឍ ឆ្នាំច ពស២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨នេះ។ ជុំវិញបញ្ហា អូរ ប្រឡាយ លូទឹកស្អុយនេះដែរ លោក ជាវ វិជ្ជាក់ មានប្រសាសន៏បន្តថា៖ ខេត្តបានកំណត់តំបន់អទិភាព យកសង្កាត់លេខ៥សម្រាប់ដោះស្រាយដំបូងគេ ព្រោះទីនេះមានតំបន់ទំនាបហើយងាយជន់លិចនៅពេលមានភ្លៀងធ្លាក់ធំម្តង។ ក្រុមការងារបានធ្វើការកាយស្តាអូរឬផ្លូវទឹកមួយចំនួនរួចហើយ ដើម្បីដោះស្រាយបញ្ហាស្ទះផ្លូវទឹកបណ្តាលឲ្យជនលិចប៉ះពាល់ដល់ភូមិដ្ឋានប្រជាជន។

លោក បន្ថែមថា៖ កន្លងមកនេះក្រុមការងារបានខិតខំបំពេញការងារយ៉ាងសកម្មរាល់ថ្ងៃ ប៉ុន្តែនៅតែមានបញ្ហាប្រឈមជាច្រើនផងដែរក្នុងនោះបញ្ហាប្រឈមមួយដ៏សំខាន់គឺការចូលរួមរបស់ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋខ្លះមិនទាន់បានចូលរូមឲ្យបានពេញលេញជាមួយអាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធនៅឡើយ។ សូមបញ្ជាក់ថាយុទ្ធនាការក្នុងរយៈពេលជាង១ខែនៃការចាប់ផ្តើមចុះអនុវត្តការងារគ្រប់គ្រងប្រព័ន្ធប្រឡាយ  អូរ លូ និងអាងចម្រោះទឹកកខ្វក់ ក្រុមការងារ បានរកឃើញថា មានទីតាំងអាជីវកម្មជាច្រើនមិនមានអាងប្រព្រឹត្តិកម្មចម្រោះទឹកសំអុយទេ។ តែយ៉ាងណា មានទីតាំងតិចតួច ដែលមានអាងចម្រោះ ក៏ប៉ុន្តែមិនស្របតាមស្តង់ដារបច្ចេកទេសនៅឡើយ បាននឹងកំពុងបង្ហូរចូលទៅសមុទ្រ។ បញ្ហានេះគឺជាចំណុចសំខាន់ដែលរដ្ឋបាលខេត្តព្រះសីហនុបាននឹងកំពុងព្រួយបារម្ភយ៉ាងខ្លាំង។

ទោះជាយ៉ាងណា លោក ជាវ វិជ្ជាក់ បានបញ្ជាក់យ៉ាងដាច់ខាតថា ម្ចាស់ទីតាំងអាជីវកម្មទាំងអស់ត្រូវតែមានអាងចម្រោះទឹកស្អុយមុននឹងបង្ហូរចូលទៅសមុទ្រ បើពុំដូច្នោះទេទីតាំងនោះនឹងប្រឈមការផ្អាកអាជ្ញាបណ្ណ័អាជីវកម្ម ឬដកហូតអាជ្ញាបណ្ណអាជីវកម្មតែម្តង។

គូររំលឹកថា កាលពីចុងខែឧសភា ឆ្នាំ២០១៨កន្លងទៅនេះ រដ្ឋបាលខេត្តព្រះសីហនុបានចេញសេចក្តីជូនដំណឹងមួយ ដោយបានរំលឹកផងដែរ ឲ្យម្ចាស់ទីតាំងអាជវកម្មទាំងអស់ត្រូវរៀបចំធ្វើអាងចម្រោះទឹកសំអុយឲ្យស្របតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវមុននឹងបង្ហូចូលលូ ឬបង្ហូរចូលសមុទ្រ ដោយទុករយៈពេលឲ្យចំនួន៩០ថ្ងៃ។ ក្នុង ស.ជ.ណ ដដែលនេះដែរ ក៏បានបញ្ជាក់ផងដែរថា បើទីតាំងអាជីវកម្មណាដែលមិនគោរពតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះផុតរយៈពេលកំណត់រដ្ឋបាលខេត្តព្រះសីហនុនឹងចាត់វិធានការផាកពិន័យតាមច្បាប់ ក្នុងករណីធ្ងន់នឹងត្រូវដកហូតអាជ្ញាបណ្ណ័អាជីវកម្មតែម្តង៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner