ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវលំក្រាលគ្រួសក្រហម១ខ្សែ ប្រវែង១.២០០ម៉ែត្រ ក្នុងស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ
នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨នេះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវលំក្រាលគ្រួសក្រហម១ខ្សែ ប្រវែង១.២០០មែត្រ ពីភូមិយាកជើង ទៅភូមិចន្លោងក្នុងឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា ផ្លូវមួយខ្សែនៅឃុំដំរិលនេះ អាចជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរពីភូមិទៅភូមិមួយ ហើយនេះក៏ជាសមិទ្ធផលមួយទៀតនៅដើមឆ្នាំ២០១៨ ក្នុងចំណោមសមិទ្ធផលផ្សេងៗជាច្រើននៅក្នុងស្រុកអូររាំងឪ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានពិសេសនៅក្នុងឃុំដំរិលទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសស្រោកសស្រាំជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍន៍មូលដ្ឋានជាដើម។
គូសបញ្ជាក់ថា ផ្លូវលំក្រាលគ្រួសក្រហម ១ខ្សែមានប្រវែង១.២០០មែត្រនេះ មានការគាំទ្រថវិកាពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា (CCCA)។ ក្នុងថ្ងៃដដែលនេះដែរ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានអញ្ជើញជាអធិបតីសម្ពោធសាលាបុណ្យនៅភូមិពើក ឃុំដំរិល ដើម្បីរួមចំណែកដោះស្រាយទុក្ខលំបាករបស់ប្រជាជន។
សាលាបុណ្យនៅភូមិពើក កាលដើមឡើយកសាងអំពីឈើប្រក់ក្បឿង ហើយបានរុះ២លើកមកហើយ ដោយសារពុកផុយ។ ក្រោយមក អ្នកភូមិបានសម្រេចកសាងពីស៊ីម៉ងត៍វិញ ដោយបានចាប់ផ្តើមសាងសង់ឡើងកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ បញ្ចប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយមានការឧបត្ថម្ភថវិកាពីឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកអូររាំងឪ និងសប្បុរសជនរួមនឹងប្រជាពរដ្ឋមូលដ្ឋាន៕