អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជាប្រាប់ថា ក្រុមហ៊ុន លក់អង្ករប្រើរូបអង្គរវត្តខ្មែរ នៅទីក្រុងតូរ៉ុនតូ យល់ព្រមឈប់ប្រើរូបប្រាសាទអង្គរវត្តលើសំបកការ៉ុងអង្ករថៃទៀតហើយ
ឯកឧត្តម ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា បានប្រាប់អ្នកសារព័ត៌មាននៅរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ ទាក់ទងនឹងវឌ្ឍនភាពការងារ ដែលក្រសួងពាណិជ្ជកម្មកម្ពុជា បានធ្វើការជាមួយក្រសួងពាណិជ្ជកម្មថៃ តាមរយៈក្រសួងការបរទេស ពាក់ព័ន្ធនឹងការរកឃើញអ្នកលក់អង្ករនៅប្រទេសកាណាដា ដែលបានប្រើប្រាស់រូបប្រាសាទអង្គរវត្តដាក់លើសំបកបាវអង្ករថៃ។ ឆ្លើយបតនឹងសំណើរបស់កម្ពុជា ក្រសួងពាណិជ្ជកម្មថៃ បានជូនដំណឹងមកភាគីកម្ពុជាថា ទីប្រឹក្សាពាណិជ្ជកម្មថៃ ប្រចាំទីក្រុងតូរ៉ុនតូ ប្រទេសកាណាដា បានចុះពិនិត្យ និងរកឃើញថា មានក្រុមហ៊ុនលក់អង្ករបានកម៉្មង់អង្ករពីប្រទេសថៃ ដោយឱ្យច្រកក្នុងការ៉ុងដែលមានដាក់រូបប្រាសាទអង្គរវត្ត។ ពេលនេះ ទីប្រឹក្សាពាណិជ្ជកម្មថៃ បានណែនាំក្រុមហ៊ុនឱ្យបានយល់ពីផលប៉ះពាល់ក្នុងការប្រើប្រាស់រូបប្រាសាទអង្គរវត្ត លើសំបកការ៉ុងអង្ករថៃ។ ក្រុមហ៊ុននោះ បានយល់ព្រមឈប់ប្រើរូបប្រាសាទអង្គរវត្តលើសំបកការ៉ុងអង្ករថៃទៀតហើយ ដោយក្រុមហ៊ុននឹងរចនាសំបកការ៉ុងថ្មីមកប្រើប្រាស់វិញ ៕