ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បន្តចុះពិនិត្យព្យាបាលជំងឺ និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋជាង៥ពាន់នាក់ នៅស្រុកគិរីវង្ស ខេត្តតាកែវ

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន២១៥នាក់ បានបន្តចុះពិនិត្យព្យាបាលជំងឺ និងចែកជូនថ្នាំពេទ្យ ដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋបានចំនួន៥២១១នាក់ នៅវត្តពោធិ៍វង្សលើ ភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង្ស ខេត្តតាកែវ ព្រមទាំងចែកនំបុ័ង និងទឹកសុទ្ធផងដែរ។ ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី កាលពីព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ ដឹកនាំដោយឯកឧត្តម លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងអញ្ជើញចូលរួមជាអធិបតីពីឯកឧត្តម សុខ សូកាន តំណាងរាស្ត្រខេត្តតាកែវ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកគិរីវង្ស, ឯកឧត្តម ជីវ កេង សហប្រធានកិត្តិយសក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកគិរីវង្ស មានការចូលរួមសហការពី ឯកឧត្តម ទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនការ, ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ លោកជំទាវ ដាំ ដារិនី រដ្ឋលេខាធិការក្រសួងការពារជាតិ រួមនឹងថ្នាក់នាំមួយចំនួនទៀត ។
ឯកឧត្តម លេង ផាលី បានបន្តថា ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។
ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ សូកាន តំណាងរាស្ត្រខេត្តតាកែវ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកគិរីវង្ស បានមានប្រសាសន៍ថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត បានចុះពិនិត្យ ព្យាបាលជូនប្រជាពលរដ្ឋមូលដ្ឋាន ដោយផ្ទាល់នេះ ដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋមានភាពសុខសាន្ត ។ មានតែសម្តេចតេជោទេ ដែលមានទេពកោសល្យពីកំណើត ដឹកនាំប្រទេសជាតិឲ្យមានការរើកចម្រើនឥតឈប់ឈរ មានការផ្សះផ្សាបង្រួបបង្រួមជាតិ មានស្ថិរភាព និងសន្តិភាពពិតប្រាកដ ។ ដូច្នេះ ប្រជាពលរដ្ឋទាំងអស់ ត្រូវតែរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពតាមគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្ស។
ក្នុងនាមបងប្អូនប្រជាពលរដ្ឋក្នុងស្រុកគិរីវង្ស លោកអភិបាលស្រុក បានសម្ដែងនូវក្ដីសប្បាយរីករាយ និងបានថ្លែងអំណរគុណចំពោះឯកឧត្តម ហ៊ុន ម៉ានី ដែលជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ក៏ដូចជាឯកឧត្តម លេង ផាលី ដែលជាប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ជាពិសេស បងប្អូនប្រជាពលរដ្ឋទាំងអស់ បានប្ដេជ្ញា និងបោះឆ្នោតជូនសម្ដេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៦ និងអាណត្តិបន្តបន្ទាប់ទៀត ។
សូមបញ្ជាក់ថា ការពិនិត្យ ព្យាបាលជំងឺ និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនេះរួមមាន៖ ជំងឺទូទៅ វះកាត់ខ្នាតតូច ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ សើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង សន្លាក់ឆ្អឹង រលាកថ្លើម កាមរោគ ជំងឺគ្រុនចាញ់ គ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ករ ជំងឺតម្រងនោម អេកូសាស្ត្រ…។ល។ ដែលក្នុងនោះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានពិនិត្យព្យាបាលជំងឺ និងចែកជូនថ្នាំពេទ្យដល់ប្រជាពលរដ្ឋបានចំនួន ៥២១១នាក់ (ស្ត្រីចំនួន ៣៣១២នាក់) ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner