ឯកអគ្គរាជទូតកម្ពុជា និងប្រធានទីភ្នាក់ងារអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ HRD-Korea បានឯកភាពគ្នា បន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីលើកកម្ពស់ស្ថានភាពការងារ របស់សហគមន៍ខ្មែរ ជាពិសេស ពលករឲ្យកាន់តែល្អប្រសើរ

អត្ថបទដោយ៖
Kien Sereyvuth

នាថ្ងៃទី៥ ខែកក្កដា ម្សិលមិញ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លោក ឡុង ឌីម៉ង់  បានជួបពិភាក្សាការងារជាមួយប្រធានទីភ្នាក់ងារអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ HRD-Korea ថ្មីដែលទើបទទួលមុខតំណែង លោកKIM DONG MAN។

គោលបំណងនៃការពិភាក្សាគឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរ និងទទួលបានជោគជ័យ ជាពិសេសនៅក្នុងអណត្តិរបស់លោក Kim។ ក្នុងជំនួបនោះ លោកឯកអគ្គរាជទូត ឡុង ឌីម៉ង់ បានស្នើសុំដល់ HRD-Korea:
បន្តកិច្ចសហប្រតិបត្តិការគ្នាដើម្បីលើកកម្ពស់ស្ថានភាពការងារក៏ដូចជាការរស់នៅរបស់ពលករខ្មែរឲ្យកាន់តែមានលក្ខណ:ប្រសើរឡើង។ លោកបានស្នើឲ្យភាគីកូរ៉េ ផ្តល់ការសម្របសម្រួលដល់អជ្ញាធរកូរ៉េពាក់ព័ន្ធក្នុងការផ្តល់ឱកាសពិនិត្យលើកទី២ ដល់ពលករខ្មែរ ដែលបានធ្វើតេស្តឃើញសារធាតុហាមឃាត់។ 

ស្នើឲ្យកូរ៉េបង្កើតមជ្ឈមណ្ឌលគាំពារ ពលករបរទេសនៅតាមតំបន់តូចៗដើម្បីឆ្លើយតបទៅនឹងតម្រូវការសេវារបស់ពលករខ្មែរ និងពលករបរទេស។ ប្រធានទីភ្នាក់ងារអភិវឌ្ឍន៍ធនធានមនុស្ស HRD ដែលជាស្ថាប័នគ្រប់គ្រងពលករបរទេសនៅកូរ៉េ និងឯកអគ្គរាជទូត បានឯកភាពគ្នាក្នុងការបន្ត កិច្ចសហប្រតិបត្តិការគ្នាដើម្បីលើកកម្ពស់ស្ថានភាពការងារក៏ដូចជាការរស់នៅរបស់ពលករខ្មែរឲ្យកាន់តែមានលក្ខណ:ប្រសើរឡើង ហើយនឹងដោះស្រាយបញ្ហាលំបាកមួយចំនួនដែលពលករជួបប្រទះ ហើយនិងទទួលយកសំណើរបស់លោកឯកអគ្គរាជទូត ដើម្បីពិនិត្យ និងចាត់ការបន្ត។

ចំពោះករណីពេលដែលពិនិត្យសុខភាពពលករឃើញ មានសារធាតុហាមឃាត់ ស្ថានទូតបានស្នើសុំឲ្យមានផ្តល់ឱកាសពិនិត្យលើកទី២ ជាមួយនឹងការយកថ្នាំដែលពលករខ្មែរលេបមុនចេញដំណើរមកធ្វើកោសល្យវិច្ច័យនៅមន្ទីរពេទ្យ។ ស្ថានទូតនឹងជម្រាបជូនប្រជាពលរដ្ឋពីការសម្រេចរបស់អាជ្ញាធរអន្តោប្រវេសន៍ កូរ៉េពេលទទួលបានលទ្ធផល។

ជាមួយគ្នានោះ ស្ថានទូតខ្មែរនៅកូរ៉េ ក៏បានអំពាវនាវសូមឲ្យប្រជាពលរដ្ឋ និងពលករខ្មែរដែលត្រៀមចេញមកកូរ៉េ ក្រោយប្រលងជាប់ហើយ កុំប្រើប្រាស់ថ្នាំផ្តេសផ្តាស់ដែលមិនមានវេជ្ជបញ្ជាត្រឹមត្រូវ ព្រោះការផ្សំថ្នាំផ្តាសាយខ្លះវានឹងអាចមានសារជាតិខ្លះដែលនៅកូរ៉េហាមឃាត់៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner