លោកស្នងការនគរបាលរាជធានីភ្នំពេញដាក់បទបញ្ជាការពារសន្តិសុខសណ្តាប់ធ្នាប់ជូនបក្សនយោបាយសម្រាប់ថ្ងៃឃោសនាបោះឆ្នោតដល់អធិការទាំង១២ខណ្ឌ
ភ្នំពេញ ៖ ថ្លៃងនៅក្នុងឱកាសប្រកាសផ្ទេភារកិច្ច តែងតាំងមុខ តំណែង និងបំពាក់ឋានន្តរសកិ្ត ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃពុធ ៧រោច ខែមឋមាសាឍ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ នៅសាលប្រជុំស្នងនគរបាលជាតិ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានដាក់បទបញ្ជាយ៉ាងតឹងរ៉ឹងបំផុតដល់លោកអធិការនគរបាលខណ្ឌទាំង១២ ត្រូវមាន មុខជាប្រចាំសម្រាប់ថ្ងៃ ក្នុងខែកក្កដានេះ និងបិទច្បាប់។ លោកបានជំរុញឲ្យសមត្ថកិច្ចទាំងអស់ត្រូវបង្កើនការរឹតបន្តឹងសន្តិសុខនៅក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោតរហូតដល់ក្រោយការបោះឆ្នោតឲ្យបានម៉ឺងម៉ាត់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេសការពារថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ។
នាយឧត្តសេនីយ៍បញ្ជាក់ថា ដូចកាលពីអំឡុងឆ្នាំ២០១៣ នីតិកាលទី៥ បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនោះ ឃើញថាមានបញ្ហាជាច្រើនដែលជាបទពិសោធន៍ស្រាប់។ ហេតុដូច្នេះក្នុងឆ្នាំ២០១៨នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានរៀបចំផែនការ ការពារដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណតិ្តទី៦នេះ គឺផ្អែកទៅលើបទពិសោធន៍ដែលធ្លាប់កើតមានកន្លងមក។ លោកក៏បានជំរុញបន្ថែម និងណែនាំដល់កងកម្លាំងនគរបាលគ្រប់ខណ្ឌទាំងអស់កុំមើលស្រាលលើសភាពការណ៍ឲ្យសោះ។
លោកបញ្ជាក់បន្ថែមថា ស្របពេលដែលមានព័ត៌មានបំភិតបំភ័យបំប៉ោង តាមរយៈបណ្តាញសង្គមថានឹងមានករណីនេះ ករណីនោះនៅក្នុងថ្ងៃឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ ដែលនឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី៧ កក្កដាខាងមុខនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំបន្ទាន់ស្តីពីផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក៏ដូចជាផែនការការពារដល់ក្បួនដង្ហែយុទ្ធនាកានានារបស់គណបក្សនយោបាយនីមួយៗ ដើម្បីធានាបាននូវសុវតិ្ថភាពខ្ពស់ និងជាពិសេសថ្នាក់ដឹកនាំគណបក្សកាន់អំណាច ដែលមានវត្តមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងអញ្ជើញជាគណៈអធិបតីភាពក្នុងអង្គមីទ្ទីងរម្លឹកខួបកំណើតគណបក្ស និងប្រកាសបើកក្បួនយុទ្ធនាការឃោសនាថ្ងៃដំបូង៕