លោកជំទាវឧកញ៉ា កែវ ម៉ាលី សំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធខណ្ឌជ្រោយចង្វារ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ដើម្បីជាការលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងក្នុងបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន លោកជំទាវឧកញ៉ា កែវ ម៉ាលី ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធទូទាំងខណ្ឌជ្រោយចង្វារ កាលពីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវឧកញ៉ា កែវ ម៉ាលី នាំយកបណ្តាំផ្ញើនូវក្តីនឹករលឹកពីសំណាក់សម្តេចប្រធានព្រឹទ្ឋសភា ដែលតែងបានគិតគូរពីកងកម្លាំងគ្រប់លំដាប់ថ្នាក់ទាំងអស់ និងបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកងកម្លាំងសមត្ថកិច្ច ដែលរួមមាននគរបាល កងរាជអាវុធហត្ថ សណ្តាប់ធ្នាប់ និងប្រជាការពារ ទាំងអស់ក្នុងខណ្ឌជ្រោយចង្វារ ក្នុងការខិតខំប្រឹងប្រែងថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានយ៉ាងល្អប្រសើរ ។

លោកជំទាវ ក៏បានក្រើនរលឹកដល់កងកម្លាំងទាំងអស់ក្នុងខណ្ឌជ្រោយចង្វារ ត្រូវបន្តការយកចិត្តទុកដាក់ឱ្យបានខ្ពស់បន្ថែមទៀត និងទប់ស្កាប់ឱ្យបាននូវរាល់ភាពអសកម្មនានា ដើម្បីអនុវត្តនូវគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាពរបស់ប្រមុខរាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាព ជាពិសេសត្រូវយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងអំឡុងពេលយុទ្ធនាការឃោសនារកសំឡេងឆ្នោត និងថ្ងៃបោះឆ្នោតឱ្យបានល្អបំផុត ។

ជាមួយគ្នានេះ លោកជំទាវឧកញ៉ា កែវ ម៉ាលី បានផ្តាំផ្ញើដល់កងកម្លាំងប្រដាប់អាវុធក្នុងខណ្ឌ ត្រូវទៅបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដោយជ្រើសរើសគណបក្សណាដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីស្វែងរកសន្តិភាព បន្តរក្សាសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ចំពោះប្រទេសជាតិរហូតដល់សព្វថ្ងៃនេះ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner