ក្រុមហ៊ុន Hua Chung Renewable Resources Technology Park Co Ltd មកពីទីក្រុងហុងកុង និងទីក្រុងសិនជិន មានគោលបំណងវិនិយោគលើវិស័យឧស្សាហកម្មកែច្នៃកាកសំណល់រឹងនៅខេត្តព្រះសីហនុ
ព្រឹកថ្ងៃ៨រោច ខែបឋមសាឍឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ខែកក្តដាឆ្នាំ២០១៨
លោកស្រី Rose Zhang អគ្គនាយក JJT International Capital Corporation បានដឹកនាំគណៈប្រតិភូវិនិយោគមកពីទីក្រុងហុងកុង និងទីក្រុងសិនជិន ចូលជួបសម្តែងការគួរសមជាមួយ
ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីពិភាក្សាការងារនេះ និងស្នើសុំការគាំទ្រពីថ្នាក់ដឹកនាំខេត្តព្រះសីហនុ លើគម្រោងអភិវឌ្ឍន៏សូនឧស្សាហកម្មតាមបច្ចេកវិទ្យាទំនើបក្នុងការកែច្នៃកាកសំណល់រឹងដើម្បីប្រើប្រាស់ឡើងវិញ មានទីតាំងនៅភូមិទទួលទទឹង ឃុំទទួលទទឹង ស្រុកព្រៃនប់ខេត្តព្រះសីហនុ។
តាមប្រសាសន៏លោកស្រី Rose Zhang បានឲ្យដឹងថាគោលបំណងគណៈប្រតិភូអញ្ជើញមកនាឱកាសនេះមានគោលបំណងចង់សិក្សាស្វែងយល់ពីការវិនិយោគជាពិសេសផ្តោតទៅលើវិស័យឧស្សាហកម្មកែច្នៃសំណល់រឹង រួមជាមួយនឹងការសិក្សាស្វែងយល់អំពីច្បាប់ នយោបាយ សក្តានុពលក្នុងការវិនិយោគនៅខេត្តព្រះសីហនុ រួមជាមួយកត្តាពាក់ព័ន្ធនានាផងដែរ។
ឆ្លើយតប ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានសម្តែងនូវការស្វាគមន៏យ៉ាងរីករាយ ព្រមទាំងបានថ្លែងឲ្យដឹងថាខេត្តព្រះសីហនុ ទទួលស្វាគមន៏យ៉ាងកក់ក្តៅចំពោះការវិនិយោគទាំងអស់ ប៉ុន្តែត្រូវតែគោរពច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម យន្ត មីន ក៏បានបង្ហាញដល់គណៈប្រតិភូ អំពីសក្តានុពលរបស់ខេត្តព្រះសីហនុ ពិសេសវិស័យដឹកជញ្ជូនដែលខេត្តព្រះសីហនុយើងមានកំពង់ផែអន្តរជាតិទឹកជ្រៅដែលអាចឲ្យនាវាដឹកបានរហូត៥ម៉ឺនតោន និងកំពុងពង្រីកបន្ថែមទៀតដើម្បីអោយកាន់តែប្រសើរថែមទៀត។