ប្រមុខរាជរាដ្ឋាភិបាលកម្ពុជា បានអំពាវនាវសាជាថ្មីទៅអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវខិតខំថែរក្សាធ្វើឱ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌

នៅថ្ងៃចុងក្រោយ នៃការចុះជួបជាមួយកម្មករកាលពីព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨នេះ ដែលនៅសល់តែពីរថ្ងៃទៀត នឹងដល់ថ្ងៃបើកយុទ្ធនាការបោះឆ្នោតចូលមក ដល់ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យមន្ត្រីរាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធទាំងអស់មិនត្រូវប្រើប្រាស់មធ្យោបាយរបស់រដ្ឋ ដើម្បីធ្វើការឃោសនាបោះឆ្នោតនោះទេ ដើម្បីបង្ហាញថា មធ្យោបាយរបស់រដ្ឋមិនត្រូវប្រើប្រាស់ដោយគណបក្សនយោបាយណាមួយសម្រាប់ការឃោសនាបោះឆ្នោត។

សម្តេច បញ្ជាក់ថា ហាមរថយន្តពាក់ស្លាករដ្ឋ នគរបាល និងលេខក្រសួងការពារជាតិ។ រាប់ទាំងសាំងក៏មិនត្រូវចាក់សាំងរបស់រដ្ឋនោះទេ ត្រូវចាក់សាំងផ្ទាល់ខ្លួន ដើម្បីធានាថា មធ្យោបាយរបស់រដ្ឋមិនត្រូវបានប្រើប្រាស់ដោយបក្សណាមួយនោះទេ ជាពិសេសគឺបក្សកាន់អំណាច។ អាជ្ញាធរគ្រប់លំដាប់ថ្នាក់និងកងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទត្រូវតែជាកម្លាំងអព្យាក្រឹតដែលការពារគ្រប់គណបក្សទាំងអស់ឲ្យបានដូចៗគ្នា។ ដូចជាការហែក្បួនរបស់គណបក្សនយោបាយ ការជួបជុំរបស់ គណបក្ស នយោបាយត្រូវបង្កលក្ខណៈឲ្យបានស្មើៗគ្នា។ ត្រូវខិតខំធ្វើយ៉ាងណាឲ្យបរិយាកាសឃោសនាបោះឆ្នោតមានការប្រកួតប្រជែងដោយស្មើភាព។  

សម្តេច បន្ថែមថា   ចំណែកទូរទស្សន៍បានដាក់តម្លៃរួចហើយ  សម្រាប់ជួលទូរទស្សន៍ ១នាទី ២៥០ ដុល្លារ។ ទូរទស្សន៍ទាំងអស់បើជួលឲ្យគណបក្សណាមួយ ត្រូវជួលឲ្យគណបក្សផ្សេងផងដែរ។ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតលើកលែងតែទូរទស្សន៍ជាតិមួយទេ ដែលគណបក្សប្រជាជនកម្ពុជាមិនបានជូល។ តែទូរទស្សន៍ផ្សេងត្រូវបានគណបក្សប្រជាជនកុងត្រាជួលរួចហើយដែរសម្រាប់ឃោសនាយុទ្ធនាការបោះឆ្នោត។

មួយទៀតតាមព័ត៌មានពីមូលដ្ឋាន ហើយតាមរយៈនៃ ការស្រាវជ្រាវ មានប្រជាពលរដ្ឋយើងមួយចំនួនមានការភ័ន្តច្រឡំថា ប័ណ្ណព័ត៌មានដែលគណៈកម្មាធិការជាតិរៀបចំបោះឆ្នោតចែកឲ្យប្រជាពលរដ្ឋ អាចយកទៅ បោះឆ្នោតបាន។ សូមផ្ដាំទៅប្រជាពលរដ្ឋ ប័ណ្ណព័ត៌មានបោះឆ្នោតដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចែកជូនការិយាល័យដែលបងប្អូនប្រាប់ពី ការិយាល័យបោះឆ្នោតគឺមិនអាចយកទៅបោះឆ្នោតបានទេគឺអត្តសញ្ញាណប័ណ្ណទេ ដែលអាចបោះឆ្នោតបាន។ ត្រូវចាំឲ្យបានបញ្ហានេះ។

ជាមួយគ្នានេះ សម្តេច ក៏បានបញ្ជាក់បន្ថែមថា  បន្តិចទៀតនឹងមានសារាចរណែនាំពាក់ព័ន្ធនឹងថ្ងៃបោះ ឆ្នោតគឺត្រូវហាមឃាត់ទទួលទានសុរាដែលចាប់ពីម៉ោងសូន្យ ថ្ងៃទី២៨ កក្កដា ដល់ម៉ោង ១២យប់ ថ្ងៃទី ២៩ កក្កដា។ ហាមផឹកស្រា និងលក់ស្រា ៕​ ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner