កងទ័ពអាកាសរុស្ស៊ីបន្តការវាយប្រហារតាមដែនអាកាសនៅក្នុងប្រទេសស៊ីរី ក្រោយកិច្ចចរចាជាមួយក្រុមឧទ្ទាមបរាជ័យ
ស៊ីរី៖ ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បានគូសបញ្ជាក់ថា កងទ័ពអាកាសរុស្ស៊ី បានបន្តការវាយប្រហារតាមដែនអាកាសរបស់ខ្លួនឡើងវិញ ដើម្បីប្រឆំាងនឹងក្រុមឧទ្ទាមស៊ីរីនៅឯភាគនិរតីប្រទេស ដែលប្រតិបត្តិការនេះ ធ្វើឡើងក្រោយក្រុមឧទ្ទាមបានប្រកាសថា ការចរចាជាមួយរដ្ឋាភិបាលទីក្រុងម៉ូស្គូទទួលបរាជ័យ។
បើតាមអង្គការសហប្រជាជាតិ ការវាយប្រយុទ្ធគ្នាអស់រយៈពេលច្រើនជាងពីរសប្ដាហ៍មកនេះ រវាងពួកឧទ្ទាម និងកងកម្លាំងរដ្ឋាភិបាលស៊ីរី ដែលមានជំនួយពីរុស្ស៊ី បានធ្វើឲ្យមនុស្សប្រមាណជាង១៣០នាក់បាត់បង់ជីវិត និងបង្ខំឲ្យមនុស្ស ២៧០.០០០នាក់ បង្ខំចិត្តភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ នៅឯភាគនិរតី ប្រទេសស៊ីរី ។
ទន្ទឹមគ្នានោះដែរ អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបានអះអាងថា យន្ដហោះចម្បាំងរុស្ស៊ីបានទម្លាក់គ្រាប់បែករាប់សិបគ្រាប់លើមូលដ្ឋានរបស់ក្រុមឧទ្ទាម ក្នុងទីក្រុង តាហ្វាស និងទីក្រុងសៃដា។ ការវាយប្រហារតាមដែនអាកាសដែលបានផ្អាកកាលពីល្ងាចថ្ងៃសៅរ៍ សប្ដាហ៍មុននេះ និងបានធ្វើឡើងជាថ្មីឡើងវិញកាលពីថ្ងៃពុធ ម្សិលមិញនេះ តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីក្រុមឧទ្ទាមស៊ីរីប្រកាសថា ការចរចាជាមួយជាមួយរុស្ស៊ីបានបរាជ័យ ខណៈកងកម្លាំងរដ្ឋាភិបាលស៊ីរីកំពុងវាយលុកយ៉ាងសន្ធាប់ ដោយដណ្ដើមទឹកដីមួយផ្នែកធំពីក្រុមឧទ្ទាម៕ ម.ន