សហរដ្ឋអាម៉េរិកប្រារព្ធទិវាឯករាជ្យជាតិខួបលើកទី២៤២ ស្របពេលមានការបង្កើនសន្តិសុខ ដើម្បីទប់ស្កាត់ការវាយប្រហារភេរវកម្ម

សហរដ្ឋអាមេរិក៖  ទិវាឯករាជ្យជាតិ ត្រូវបានប្រារព្ធធ្វើឡើងនៅទូទាំងសហរដ្ឋអាម៉េរិកនៅថ្ងៃពុធ សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ស្របពេលមានការរឹតបន្តឹងសន្តិសុខ ដើម្បីទប់ស្កាត់ការវាយប្រហារពីក្រុមភេរវករដែលអាចកើតឡើងបាន។ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានសម្តែងការកោតសរសើរ និងស្ញប់ស្ញែងចំពោះកងកម្លាំងយោធាដែលបានពលី និងខិតខំការពារសិទ្ធិសេរីភាព នៃប្រទេសជាតិរបស់ពួកគេនាពេលកន្លងមកនេះ ។

ថ្លែងពីសេតវិមានក្នុងឱកាសប្រារព្ធខួបទី២៤២ នៃបុណ្យឯករាជ្យជាតិរបស់សហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ទៀតថា សេរីភាពរបស់សហរដ្ឋអាម៉េរិក គឺបានមកពីការបង្ហូរញើស-ឈាម និងពលីរបស់អ្នកស្នេហាជាតិដែលបានតស៊ូប្រយុទ្ធនៅលើសមរភូមិតាំងពីសម័យមុនៗរហូតមកដល់បច្ចុប្បន្ននេះ។ ស្របពេលជាមួយគ្នានេះដែរ លោក ដូណាល់ ត្រាំ ក៏បានលើកឡើង ពាក់ព័ន្ធនឹងគម្រោងមហិច្ឆតារបស់លោកផ្ទាល់ ស្តីពីការបង្កើតកងអង្គភាពថ្មីនៅក្នុងជួរកម្លាំងប្រដាប់អាវុធសហរដ្ឋអាម៉េរិកផងដែរ គឺកងទ័ពនៅទីអវកាស ដោយលោកបានអះអាងថា វានឹងលេចចេញជារូបរាងនាពេលឆាប់ៗខាងមុខ។

សូមរំលឹកផងដែរថា ថ្ងៃបុណ្យឯករាជ្យ ឬក៏ទិវាជាតិ ៤ កក្កដា គឺជាថ្ងៃឈប់សម្រាក ទូទាំងសហរដ្ឋអាមេរិក ដើម្បីអបអរថ្ងៃប្រកាសឯករាជ្យនៃមហាអំណាចមួយនេះ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៧៧៦ ។ កាលពីជាង២៤០ឆ្នាំមុននេះ ក្រុមចំណុះអាម៉េរិកទាំង១៣ បានប្រកាសខ្លួនជាប្រជាជាតិឯករាជ្យមួយហៅថា សហរដ្ឋអាម៉េរិក ដែលវាមានន័យថា ក្រុមទាំងនោះលែងស្ថិតក្រោមនឹមអាណានិគមរបស់ចក្រភពអង់គ្លេសទៀតហើយ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner