សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយកម្មករនិយោជិតជាង២ម៉ឺននាក់ នៅស្រុកអង្គស្នួល ខេត្តកណ្ដាល

អត្ថបទដោយ៖
Kien Sereyvuth

កណ្តាល៖ នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីសរុបចំនួន ២៧.៥២៩ នាក់មកពីរោងចក្រចំនួន ២៥ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្មចេងឌូបាយីកម្ពុជាចិន ស្ថិតក្នុងភូមិព្រៃរកា ឃុំឆកឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា រោងចក្រទាំង២៥  មានអ្នកវិនិយោគមកពីប្រទេសចិនចំនួន ២១, កូរ៉េចំនួន១, ជប៉ុនចំនួន ១, និងខ្មែរចំនួន២ ហើយក្នុងនេះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន២១, ផលិតកាបូបចំនួន៣, និងដេរប៉ាក់ចំនួន១។ ផលិតផលទាំងអស់ត្រូវបាននាំទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។

ខេត្តកណ្ដាល មានរោងចក្រ សហគ្រាស គ្រឹះស្ថានចំនួន ៤៦២ មានកម្មករនិយោជិត ចំនួន ១៥០.៥១៥នាក់ ដែលមានប្រាក់ឈ្នួលសរុប ៣៦៣លានដុល្លារ ក្នុងនោះរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងមានចំនួន ១៦៨ មានកម្មករនិយោជិត ចំនួន ១៣ម៉ឺន ៤,៣២៣នាក់ ដែលមានប្រាក់ឈ្នួលសរុបប្រមាណជាង ៣២២លានដុល្លារក្នុង១ឆ្នាំ។

គួររម្លឹកផងដែរថា ចាប់ពីថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០១៧ រហូត ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨នេះ សម្ដេចតេជោ បានជួបជាមួយប្រធានរដ្ឋបាល ប្រធានក្រុម ប្រធានផ្នែក និងកម្មករ និយោជិតទាំងក្នុង និងក្រៅប្រព័ន្ធចំនួន ៤៩លើក មានចំនួនសរុប ៦៨១.៦៣៣នាក់៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner